ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចកំពុងដំណើរការចំនួន៩ និងតំបន់ជាច្រើនទៀតត្រៀមបើកដំណើរការ ដែលមានរោងចក្រ សហគ្រាសចំនួន៣០៣ កំពុងដំណើរការផលិតកម្ម អាចស្រូបកម្លាំងពលកម្មប្រមាណ១០ម៉ឺននាក់។

នេះបើតាមការឱ្យដឹងពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក្នុងពិធីចុះអនុស្សារណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាមួយវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុនគ្រុប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ម៉ែន អេង បានលើកឡើងថា ក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចកំពុងដំណើរការចំនួន៩ និងតំបន់ជាច្រើនទៀត ត្រៀមបើកដំណើរការ ដែលមានរោងចក្រ សហគ្រាសកំពុងដំណើរការផលិតកម្ម ដែលស្រូបកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០០,០០០នាក់។ ក្នុងនោះផងដែរ កម្លាំងពលកម្មជំនាញពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងគុណភាព និងផលិតភាពការងារ។

សូមជម្រាបថា រយៈពេល១០ខែដំបូងក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័ត គម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ក្នុងនោះ មានទុនវិនិយោគសរុបប្រមាណ៥,៥ប៊ីលានដុល្លា អាចបង្កើតការងារ បាន២៧ម៉ឺនកន្លែង។ ជារួម ទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ចំណែកក្នុងមួយខែតុលា ឆ្នាំ២០២៤នេះ CDC ក៏បានអនុម័តគម្រោងវិនិយោគ៣១ ក្រោមទុន២២៦លានដុល្លារ។ដោយក្នុងនោះ ខេត្តស្វាយរៀងបានទទួលគម្រោងចំនួន៥ បន្ទាប់ពីខេត្តកំពង់ស្ពឺចំនួន៨គម្រោង៕


