ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាកាសយានដ្ឋាននៅកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរ។

នេះបើយោងតាមជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យធនាគារ វិស័យសុខាភិបាល វិស័យធនធានទឹក ពិសេសវិស័យដឹកជញ្ជូន ដោយផ្តោតលើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាកាសយានដ្ឋាននៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងកម្ពុជា ខណៈសម្ដេចបានគូសបញ្ជាក់ជូនក្រុមហ៊ុន អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។
ជាថ្មីម្តងទៀត សម្ដេចក៏បានជំរុញឱ្យក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ៕ អត្ថបទ៖ ហ្សាលីន



