ក្រុមហ៊ុនធំមួយរបស់អេមីរាត់អារ៉ាប់រួម ចង់វិនិយោគលើវិស័យដឹកជញ្ជូន និងវិស័យឡូជីស្ទីកនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសលើវិនិយោគលើវិស័យដឹកជញ្ជូន និងវិស័យឡូជីស្ទីក ដោយសារសម្លឹងឃើញប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់ លោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នៅក្នុងឱកាសនៅជំនួប លោកនាយកប្រតិបត្តិក្រុមហ៊ុន DP World ដោយសម្គាល់ឃើញប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ហេតុដូច្នេះ ក្រុមហ៊ុន DP World មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្មផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ខណៈសម្តេចក៏បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ដែលគាំទ្រការវិនិយោគ។ជាមួយគ្នានេះ សម្តេចថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ផងដែរ។

ទន្ទឹមគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណា ក្នុងការវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជាការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនដ៏ធំមួយ របស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក៕ អត្ថបទ៖ ហ្សាលីន