សម្តេចធិបតី៖ ក្រុមហ៊ុន BYD កំពុងចរចាមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា នាឆ្នាំក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ថា ក្រុមហ៊ុន BYD កំពុងចរចាមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំក្រោយ ខណៈកម្ពុជាក៏កំពុងមានក្រុមហ៊ុនរថយន្តរបស់ជប៉ុន កូរ៉េ និងក្រុមហ៊ុនរថយន្តជាច្រើនទៀតកំពុងវិនិយោគលើវិស័យយានយន្តនៅកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ” កាលព្រឹកថ្ងៃទី២១ វិច្ឆិកា​ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា សភាពការណ៍ពិភពលោកដើរលឿនណាស់ ហើយការប្រកួតប្រជែងក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរ ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច ដូច្នោះទាមទារឱ្យកម្ពុជាមានធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាពក្នុងការប្រកួតប្រជែង ខណៈដែរកម្ពុជាមិនត្រឹមតែទាក់ទាញការវិនិយោគក្នុងវិស័យរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏ត្រូវទាក់ទាញកាវិនិយោគលើវិស័យបច្ចេកវិទ្យា និងយានយន្តទំនើបផងដែរ។

ជាក់ស្តែង ថ្មីៗនេះ សម្តេចធិបតី អះអាងថា ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គីសដ៏ធំ បានកំពុងចរចាមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំ២០២៥ ខាងមុខនេះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានកំណត់ការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជិត៨សែនគ្រឿងត្រឹមឆ្នាំ២០៣០ ដើម្បីឱ្យដើរទន្ទឹមគ្នាទៅនឹងនិន្នាការតំបន់​និងសកល ស្របពេលដែលវិស័យនេះមិនត្រឹមតែរួមចំណែកដល់ការការបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល ជាពិសេសដើរស្របតាមប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតមកដល់ពេលនេះ យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការមានចំនួនសរុបចំនួនជិត ៣ ពាន់គ្រឿង (២.៩៦៨) រួមមាន៖ ទោចក្រយានយន្ត ៩១៤ គ្រឿង ត្រីចក្រ​យានយន្ត ៤៤០ គ្រឿង និងរថយន្ត ១ ៦១៤ គ្រឿង។

ក្រសួងសារធារណការ ធ្លាប់បានបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនីត្រូវបានគេមើលឃើញថា ផ្តល់អត្ថប្រយោជន៍ជា​ច្រើន​ក្នុង​ទិដ្ឋភាព​​បរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការ​ឈោង​ចាប់នូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងសកលលោក៕ អត្ថបទ៖ ហ្សាលីន