បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ យ៉ាងស្វិតស្វាញក្នុង កម្មវិធី CAMEL’s Future Engineer Program ក្នុងចំណោមប្អូនៗនិស្សិតជំនាញវិស្វករសំណង់សុីវិល មកពីសកលវិទ្យាល័យល្បីៗទាំង ៥ នៅកម្ពុជា រួមមាន៖ និស្សិតមកពីសកលវិទ្យាល័យន័រតុន (NU), វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ (PPI), វិទ្យាស្ថានពហុបច្ចេកវិទ្យានៅកម្ពុជា (ITC), និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ ទីបំផុតក្រុមជ័យលាភី ដែលទទួលបានការដាក់ពិន្ទុយ៉ាងសុក្រិត បានទៅលើក្រុមនិស្សិត វិទ្យាស្ថានពហុបច្ចេកវិទ្យានៅកម្ពុជា (ITC)។

លោក ជា ពុធពិសាខ តំណាងក្រុមនិស្សិតម្ចាស់ជ័យលាភី មកពីវិទ្យាស្ថានពហុបច្ចេកវិទ្យានៅកម្ពុជា ហៅសាលាតិចណូ លើកឡើងថា៖ “កម្មវិធី CAMEL’s Future Engineer Program ថា ពិតជាមានគុណតម្លៃ ជាពិសេសបានរួមចំណែកផ្សាភ្ជាប់ ចំណេះដឹង របស់ក្រុមនិស្សិតទាំងអស់ ដែលបានចូលរួមប្រកួតតាំងពីវគ្គដំបូង រហូតដល់ដល់វគ្គបញ្ចប់។ បើសិនជាអាច ពួកខ្ញុំ ចង់ឱ្យក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន បង្កើតកម្មវិធី នេះជាបន្តបន្ទាប់រៀងរាល់ឆ្នាំ” ។

កម្មវិធី CAMEL’s Future Engineer Program ដែលទើបបង្កើតឡើងជាលើកដំបូង ក្រោមការផ្ដួចផ្ដើមបង្កើតឡើងដោយ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន បាននឹងកំពុងទាក់ចិត្តនិស្សិតជំនាញវិស្វករសំណង់សុីវិល មកពីសកលវិទ្យាល័យល្បីៗទាំង៥ ខាងលើចង់ ឃើញក្រុមហ៊ុន បន្តបង្កើតកម្មវិធីនេះ រៀងរាល់ឆ្នាំ ដើម្បីជាថ្នាលបណ្ដុះបណ្ដាលជំនាញនិស្សិតផង រួមទាំងមានឱកាស ផ្សារភ្ជាប់ទ្រឹស្ដី ជាមួយនឹងការអនុវត្តន៍ផង។

ស្រដៀងគ្នានេះដែរ កញ្ញា ឃន លីណា និស្សិតវិស្វករសំណង់សុីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ (PPI) ក៏បានលើកឡើងថា តាំងពីចូលរួមប្រកួតប្រជែងក្នុង កម្មវិធី CAMEL’s Future Engineer Program មក កញ្ញា បានរៀនសូត្រទាំងទ្រឹស្ដីផង និងបានចុះអនុវត្តន៍ផ្ទាល់ៗផង ជាមួយអ្នកជំនាញ។ ជាពិសេស កញ្ញា បានស្វែងយល់យ៉ាងច្បាស់ថា ការឌីហ្សាញបេតុង ដែលមានគុណភាពខ្ពស់ និងការជ្រើសរើស ស៊ីម៉ង៍ គុណភាពល្អ ដូចជា សុីម៉ង៍អូដ្ឋ ជាដើម គឺពិតជា សំខាន់ខ្លាំងណាស់ សម្រាប់អាជីពជាវិស្វករសំណង់សុីវិល។

កម្មវិធី CAMEL’s Future Engineer Program មិនត្រឹមតែបណ្ដុះស្មារតី និងជំរុញការប្រឹងប្រែងរបស់ប្អូនៗនិស្សិត ទាំង ៥សកលវិទ្យាល័យ ដែលបានចូលរួមប្រកួតប្រជែងប៉ុណ្ណោះទេ សូម្បីតែលោកគ្រូ អ្នកគ្រូ ដែលជាគ្រូដឹកនាំផ្ទាល់ ក៏វាយតម្លៃខ្ពស់ ពីការបង្កើតឱ្យមាន កម្មវិធី ដែលផ្សាភ្ជាប់ ទ្រឹស្តីនឹងការអនុវត្តស្ដែងៗ និងការបង្ហាត់បង្រៀនបន្ថែម ពីអ្នកជំនាញក្នុងការជ្រើសរើសវត្ថុធាតុដើម ជាពិសេសផលិតផល សុីម៉ង៍ ដើម្បីធានាថា និស្សិតវិស្វករ ដែលបានចូលរួមប្រកួត ពួកគាត់ យល់ច្បាស់ ពីគន្លឹះធ្វើបេតុង និងសំណង់ដែលមាន គុណភាពខ្ពស់ ស្តង់ដារលំដាប់ពិភពលោក។

លោកគ្រូ នុត វិសាល សាស្ត្រាចារ្យផ្នែកសំណង់សុីវិល នៃវិទ្យាស្ថានពហុបច្ចេកវិទ្យានៅកម្ពុជា (ITC) ដែលបានដឹកនាំក្រុមនិស្សិត មកចូលរួមប្រកួតផ្ទាល់ ពិតជាសូមវាយតម្លៃខ្ពស់ លើ កម្មវិធី CAMEL’s Future Engineer Program។ លោកសាស្ត្រាចារ្យ សង្កត់ធ្ងន់ថា និស្សិតពួកគាត់ចូលរៀននៅសាលា បានទទួលចំណេះដឹង និងទ្រឹឹស្ដីបានមួយផ្នែកហើយ តែពេលពួកគាត់ ទទួលបានឱកាស ចុះអនុវត្តន៍ផ្ទាល់ៗ ក្រោមការណែនាំ បង្ហាត់បង្ហាញពីលោកគ្រូ អ្នកគ្រូ ដឹកនាំ និងអ្នកជំណាញប្រចាំ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី បន្ថែមទៀត គឺពិតជាធ្វើឱ្យពួកគាត់សប្បាយរីករាយ និងបង្កើនចំណេះដឹង បានមួយកម្រិតបន្ថែមទៀត។

គួរជម្រាបជូនថា កម្មវិធី CAMEL’s Future Engineer Program គឺជាកម្មវិធី រៀបចំឡើង ដោយក្រុមហ៊ុន ផលិតស៊ីម៉ង៍ ជីប ម៉ុង អុិនស៊ី ស៊ីមេន គឺជាកម្មវិធីបណ្ដុះភាពក្លាហ៊ាន និងចែករំលែកចំណេះដឹង ផ្សាភ្ជាប់នឹងការអនុវត្តន៍ ដើម្បីផ្ដល់ឳកាស និងតភ្ជាប់និស្សិតវិស្វករសំណង់ស៊ីវិល ដែលមានទេពកោសល្យ អាចឈោងចាប់ក្ដីស្រមៃ បង្កើតចំណេះដឹងបន្ថែម ជាពិសេសការប្រាស្រ័យទាក់ទងគ្នាផ្ទាល់ ជាមួយអ្នកឯកទេសជំនាញក្នុងវិស័យសំណង់ស៊ីវិល ឈានឆ្ពោះទៅប្រកួតប្រជែងគ្នាយក រង្វាន់ជ័យលាភី និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយទៅជាវិស្វករវ័យក្មេងអនាគត និងធានាការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាប្រកបដោយនិរន្តភាព៕















