លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិស័យរ៉ែ បានធ្វើវិភាគទានជាចំណូលមិន មែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។

លោកបានឱ្យដឹងបែបនេះនៅក្នុងពិធីបិទសន្និបាតក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក កែវ រតនៈ បានលើកឡើថា វិស័យរ៉ែ បានធ្វើវិភាគទានជាចំណូលមិន មែនសារពើពន្ធ ឬហៅថាសួយសារ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ ១៧០% ធៀបនឹងឆ្នាំ២០២៣ ឬប្រមាណ ១៥០% នៃផែនការក្នុងច្បាប់ថវិការបស់ជាតិ។
លោកបន្តថា តាមការប៉ាន់ស្មាន ចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស (និយាយដោយឡែក) អាចបានប្រមាណជិត ៣១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៤នេះ។
ដោយឡែក ចំណូលពីអាករលើការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទ បានប្រមាណ ៣១,៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងអាចកើនដល់ប្រមាណ ៦១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤នេះ៕
