កម្ពុជាដណ្តើមបានលេខ៨ លើពិភពលោក ក្នុងការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

អង្គការពាណិជ្ជកម្មពិភពលោក បានឱ្យដឹងថា កម្ពុជាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី៨ នៅលើពិភពលោក ក្នុងការនាំចេញសម្លៀកបំពាក់ កើនឡើងពីចំណាត់ថ្នាក់ទី ១១ កាលពីឆ្នាំ ២០២១ ដែលរួមចំណែក ១.៦% ទៅកាន់ទីផ្សារពិភពលោក ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា វៀតណាម ជាប់ចំណាត់ថ្នាក់លេខ៤ មានចំណែកទីផ្សា ៦.១% និង ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៧ មានចំណែកទីផ្សា ១.៧%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានឱ្យដឹងទៀតថា ប្រទេសចិននៅតែឈលើ ចំណាត់ថ្នាក់លេខ១ មានចំណែកទីផ្សារដ៏សំខាន់ ៣១.៧% បន្ទាប់មកសហភាពអឺរ៉ុប ២៧.១% និងបង់ក្លាដែស មានចំណែកទីផ្សារ ៧.៩% ។   

សូមបញ្ជាក់ថា កម្ពុជារកចំណូលប្រមាណជាង ៨ពាន់​លានដុល្លារ ពីនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ក្នុងរយៈពេល ១០ខែឆ្នាំ២០២៤ កើនឡើងប្រមាណជាង៣០% ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង ៦.៤៦ពាន់លានដុល្លារអាមេរិក​​ ខណៈការនាំចេញស្បែកជើងមានតម្លៃជាង ១ពាន់លានដុល្លារ។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕