លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះទស្សនកិច្ចរោងចក្រផលិតទុយោរបស់ក្រុមហ៊ុន Lesso នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងបានលើកទឹកចិត្តក្រុមហ៊ុន ឱ្យអភិវឌ្ឍប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ជាមូលដ្ឋានផលិតកម្មយុទ្ធសាស្រ្តសម្រាប់នាំចេញទៅទីផ្សារនៃបណ្តាប្រទេសអាស៊ាន ដែលក្រុមហ៊ុនពុំទាន់មានរោងចក្រផលិត។
ក្នុងជំនួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន លោក ហែម វណ្ណឌី បានកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ រោងចក្រនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ៨ ហិកតា បច្ចុប្បន្នមានបុគ្គលិកចំនួន១៦៨នាក់ ភាគច្រើនជាបុគ្គលិកខ្មែរ និងកំពុងដំណើរការបរិក្ខាផលិតកម្មទំនើបចំនួន៥០គ្រឿង ដើម្បីផលិតទុយោ និងគ្រឿងបង្គុំផ្សេងៗ ក្នុងសមត្ថភាពផលិតជាង ៤៨.០០០ តោនក្នុងមួយឆ្នាំ។
លោក ហែម វណ្ណឌី បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតមានសារៈសំខាន់ជាសារវន្តសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយការប្រើប្រាស់ទុយោចែកចាយទឹកស្អាតដែលមានគុណភាពខ្ពស់ជាកត្តាចម្បងក្នុងការកាត់បន្ថយការបាត់បង់ទឹក និងការពង្រឹងគុណភាពសេវាទឹកស្អាត។
លោកបានបញ្ជាក់ថា “ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ជម្រើសហិរញ្ញប្បទានសមស្របសម្រាប់ប្រតិបត្តិករទឹកស្អាត និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទូទៅ។ ទន្ទឹមនឹងនោះ សូមក្រុមហ៊ុនពិចារណាពង្រីកមុខផលិតផលរបស់ខ្លួន ដូចជាផលិតសំបកវេចខ្ចប់ ឬកំប៉ុងអាលុយមីញ៉ូម ដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងស្រុកបន្ថែមទៀត។”
ទន្ទឹមនឹងនោះ លោកក៏បានស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនក្នុងការបង្កើតស្តង់ដារទុយោសម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងវិស័យពាក់ព័ន្ធផងដែរ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រុមហ៊ុន Lesso បានលើកឡើងពីចក្ខុវិស័យក្នុងការពង្រីកការនាំចេញរបស់ក្រុមហ៊ុនទៅកាន់បណ្តាប្រទេសអាស៊ាន និងពង្រឹងប្រតិបត្តិការផលិតនៅកម្ពុជា ដោយលើកឡើងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងចិន។
សូមបញ្ជាក់ថា ក្រុមហ៊ុន Lesso (Cambodia) Trading គឺជាបុត្រសម្ព័ន្ធក្រោមការវិនិយោគផ្ទាល់ទាំងស្រុងរបស់ Lesso Group Holdings Limited ដែលជាក្រុមហ៊ុនផលិតទុយោឈានមុខមួយរបស់ប្រទេសចិន បច្ចុប្បន្ន មានមូលដ្ឋានផលិតកម្មចំនួន ៣០ នៅទូទាំងពិភពលោក។
ផលិតផលរបស់ក្រុមហ៊ុន Lesso ត្រូវបានប្រើប្រាស់ក្នុងវិស័យជាច្រើន ដូចជាវិស័យទឹកស្អាត ប្រព័ន្ធ ដំណក់ទឹកស្រោចស្រព (drip irrigation) ប្រព័ន្ធលូនិងទឹកកខ្វក់ និងទុយោអាលុយមីញ៉ូមសម្រាប់ការប្រើប្រាស់ក្នុងគោលដៅផ្សេងៗ៕