នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីជំរុញ និងពន្លឿន “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា” ឱ្យបានរលីន និងមានប្រសិទ្ធភាព។

ថ្លែងក្នុងកិច្ចប្រជុំកាល ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ មានការចូលរួមពីលោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង លោក អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងតំណាងអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ផងដែរ។
នាឱកាសនោះ លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា” បានធ្វើឡើងជាមួយក្រុមការងារគម្រោងមកពីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាឆ្លងរបាយការណ៍វឌ្ឍនភាព នៃគម្រោងប្រចាំឆ្នាំ២០២៤ និងពិនិត្យពិភាក្សាលើការរៀបចំទីតាំងដំឡើងគ្រឿងបរិក្ខារសម្រាប់អនុវត្តសាកល្បង (Pilot Project) លើកំណាត់ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ដែរថា គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”គឺបង្កើតឡើង ដើម្បីសិក្សាលទ្ធភាពជួយដោះស្រាយបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ បង្កើតគោលនយោបាយតាមរយៈប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS)៕ អត្ថបទ៖ ហ្សាលីន


