ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃម្សិលមិញនេះបានគូសបញ្ជាក់ថា សហគ្រិនភាពបាននិងកំពុងដើរយ៉ាងសំខាន់សម្រាប់អភិវឌ្ឍសង្គ សេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលតែងតែផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសហគ្រិនភាពនេះបានផ្តល់ការគាំទ្រលើទិដ្ឋភាពសំខាន់ៗចំនួន៦ចំណុច។
ក្នុងពិធីបើកទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព២០២៤ កាលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៤, លោក អូន ព័ន្ធមុនីរ័ត្ន អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថា សហគ្រិនភាពមានឥទ្ធិពលគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងមានអត្ថប្រយោជន៍ជាច្រើន ចំពោះប្រជាជននិងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។ ហេតុដូចនេះ ទើបរាជរដ្ឋាភិបាល តែងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសហគ្រិនភាព ពិសេសធុរកិច្ចថ្មីនិងសហគ្រាសធុនមីក្រូ តូច និងមធ្យមតាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ី រស់រវើក និងគ្រប់ជ្រុងជ្រោយដើម្បីផ្តល់ការគាំទ្រលើទិដ្ឋភាពសំខាន់ៗ ។
លោកគូសបញ្ជាក់ថា ដើម្បីការកសាងប្រព័ន្ធអេកូឡូស៊ីឱ្យរស់រវើកនិងគ្រប់ជ្រុងជ្រោយរាជរដ្ឋាភិបាលផ្តល់ការគាំទ្រលើទិដ្ឋភាពសំខាន់ៗចំនួន៦។ ទី១)- ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រគាំទ្រ៖ ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣ ដោយបានចាត់ទុកការអភិវឌ្ឍសហគ្រិនភាព ជាអាទិភាពចម្បងមួយក្នុងការបង្រឹងភាពធន់នៃសង្គម សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។
បន្ថែមលើសពីនេះក្នុងនីតិកាលទី៧នៃរដ្ឋសភា, ជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលតី១ រាជរដ្ឋាភិបាលក៏បានរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣- ២០២៨ ដែលជាកម្មវិធីគោលនយោបាយអាទិភាព១ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦។
ទី២)- ការលើកកម្ពស់ការទទួលហិរញ្ញប្បទាននិងឥណទាន តាមរយៈការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា, ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសាជីវកម្មធានាឥណទានកម្ពុជា។ ដើម្បីគោលដៅនេះ ក្នុងពេលកន្លងមក រាជរដ្ឋាភិបាលបានប្រឹងប្រែងបង្កើនថវិកាជូនធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មជាបន្តបន្ទាប់ ហើយតទៅមុខនឹងបន្តពិនិត្យលទ្ធភាព វិភាជកញ្ចប់ថវិកាជូនធនាគារទាំងពីរបន្ថែមទៀត ដើម្បីផ្តល់ឱកាសកាន់តែទូលាយ ដល់សហគ្រិនធុនមីក្រូ តូច និងធម្យមក្នុងការទទួលបានកម្ចីក្នុងទំហំនិងលក្ខខណ្ឌសមស្របសម្រាប់អភិវឌ្ឍខ្លួន។
ទី៣)- ការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ ព្រមទាំងការដាក់ឱ្យដំណើរការនូវគេហទំព័រព័ត៌មានសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចដថ្មី សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពលខ្ពស់ ការបង្កើនផលិតភាព ការបង្កើតសេវាឬ ផលិតផលថ្មីនិងការផ្គូរផ្គង់អាជីវកម្ម។ជាងនេះទៀត គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលក៏បានដាក់ចេញនូវ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស សម្រាប់ជំរុញការចាប់យកឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមតាមរយៈការរៀបចំវគ្គចាប់យកឌីជីថល ការផ្គូរផ្គងរវាងម្ចាស់សហគ្រាសនិងក្រុមហ៊ុនផ្តល់សេវាឌីជីថល និងការផ្តល់ការលើកទឹកចិត្តដល់ការប្រើប្រាស់សេវាឌីជីថល។
ទី៤)- ការគាំទ្រដល់ការអភិវឌ្ឍជំនាញ៖ កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្ពោធជាផ្លូវការនូវ មូលនិធិអភិវឌ្ឍជំនាញដែលមានបេសកកម្មជំរុញភាពជាដៃគូជិតស្និទ្ធរវាងវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលតាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម។
ទី៥)- ការលើកកម្ពស់ស្តង់ដាផលិតផល៖ ក្នុងផ្នែកនេះ រាជរដ្ឋាភិបាលបាន ៖១- កសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីលើកកម្ពស់សមត្ថភាពជាតិ ក្នុងការផ្តល់សេវានៃការធ្វើតេស្តពិសោធន៍ ស្តង់ដានីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ និងការវាយតម្លៃទទួលស្គាល់ ក្នុងគោលបំណងអភិវឌ្ឍវិស័យឧស្សាហកម្មនិងសហគ្រាសគ្រប់ប្រភេទ ទាំងមីក្រូ តូច មធ្យមនិងធំ , ២-ដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន សំដៅកាត់បន្ថយនូវរបាំងបច្ចេកទេស និង ៣- ជំរុញការធ្វើពាណិជ្ជកម្ម របស់វិស័យឯកជន ។ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ មានភាពប្រទាក់ក្រឡាគ្នា រវាងអង្គភាពគោលចំនួន៤ មានមន្ទីរពិសោធន៍ជាតិ វិទ្យាស្ថានស្តង់ដាជាតិកម្ពុជា មជ្ឈមណ្ដលមាត្រាសាស្ត្រជាតិ និងអង្គភាពវាយតម្លៃទទួលស្គាល់កម្ពុជា។ ការណ៍នេះនឹងជំរុញឱ្យប្រតិបត្តិការលើទីផ្សារ ក្នុងស្រុកកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាព ព្រមទាំងផ្តល់កាលានុវត្តភាពបន្ថែមដល់សហគ្រាសគ្រប់ប្រភេទ ដែលមានអនុលោមភាព ណិងស្តង់ដាពិបប្រាកដក្នុងការពង្រីកទីផ្សារ ទាំងក្នុងស្រុក ក្នុងតំបន់ និងលើសកលលោក តាមរយៈការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពនៃអង្គភាពវាយតម្លៃអនុលោមភាព ។
ទី៦)- ការកែលម្អបរិយាកាសធុរកិច្ច៖ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួច ចំទិសដៅដើម្បីដោះស្រាយបញ្ហាជារចនាសម្ព័ន្ធនិងបង្កើតបរិយាកាសអំណោយផល ជាពិសេសកាត់បន្ថយបន្ទុកចំណាយរបស់សហគ្រាស។ ជាក់ស្តែង រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ បានបង្កើតយន្តការធ្វើអធិការកិច្ចរួម និងបានរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជីអាជិវកម្ម និងការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាតប្រកបអាជីវកម្មតាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ដែលហៅកាត់ជាភាសាអង់គ្លេសថា CamDX។ អត្ថបទ៖ SL