សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា បានប្រែក្លាយពីប្រទេសដែលនាំចូលសព្វគ្រប់បែបយ៉ាង ទៅជាប្រទេសផលិតដើម្បីនាំចេញ និងបាននិងកំពុងជួយផ្គត់ផ្គង់ទីផ្សារខាងក្រៅលើផលិតផលមួយចំនួនផងដែរ។
សម្តេចតេជោ មានប្រសាសន៍បែបនេះ នៅក្នុងជំនួបរវាងសម្តេចជាមួយ ប្រតិភូថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដែលដឹកនាំដោយលោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចតេជោ បានរំលឹកពីការរីកចម្រើនរបស់កម្ពុជា ក្រោយទទួលបានសន្តិភាព ឯកភាពទឹកដី ពិតប្រាកដនៅក្នុងឆ្នាំ១៩៩៨ ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ជាងពីរទស្សវត្សរ៍ និងមានអត្រាភាពក្រីក្រ ក្រោម ១០% នៅមុនជំងឺកូវីដ១៩។ សម្តេច បន្តទៀតថា កម្ពុជា បានប្រែក្លាយពីប្រទេសដែលនាំចូលសព្វគ្រប់បែបយ៉ាង ទៅជាប្រទេសផលិតដើម្បីនាំចេញ និងផ្គត់ផ្គង់ទីផ្សារខាងក្រៅ ជាពិសេស ការនាំចេញស្រូវអង្ករ គ្រាប់ស្វាយចន្ទី ទៅប្រទេសក្នុងតំបន់ និងប្រទេសដៃគូ។
ទន្ទឹមគ្នានេះ សម្តេចតេជោ សង្កត់ធ្ងន់ដែរថា៖« ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉េតអារ៉ាប់រួម ចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងកម្រិតតំបន់ដូចជា អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ RCEP ជាដើម ដែលបានអនុញ្ញាតឱ្យការនាំចេញរបស់កម្ពុជា កើនឡើងជាលំដាប់។ កម្ពុជានឹងសម្រេចគោលដៅចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩, ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០»។
ថ្លែងក្នុងជំនួបនោះដែរ លោកប្រធាន GCTP ក៏បានជម្រាបជូនសម្តេចពីគម្រោងបង្កើតវេទិកាអ្នកធុរកិច្ចដើម្បីសន្តិភាព និងការអត់ឱន ដើម្បីប្រមូលយកក្រុមហ៊ុន និងសម្ព័ន្ធសាជីវកម្មធំៗមកចូលរួមក្នុងវេទិកាតែមួយជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងគោលបំណងឱ្យក្រុមធុរកិច្ចខ្នាតធំទាំងនោះ អាចចែករំលែកពីគោលដៅវិនិយោគ និងការផ្គូផ្គង ពាណិជ្ជកម្មជាដើម។ លោកប្រធានរូបនេះ ក៏បានអញ្ជើញសម្តេច និងគណៈប្រតិភូកម្ពុជា ចូលរួមនូវវេទិកាអ្នកធុរកិច្ចនោះផងដែរ។
សូមរម្លឹកដែរថា ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តេជាតិ មានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ កើនឡើងជាង១៥% បើធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣។នេះបើតាមការលើកឡើងរបស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕ អត្ថបទ៖ ហ្សាលីន