ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុន Mirarth Holdings បង្ហាញអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួនក្នុងខេត្តកំពង់ធំដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រីថ្មីៗនេះ បានធ្វើឱ្យលោក អួន ស៊ីឡុត ដែលជាអ្នកជំនាញក្នុងវិស័យស្វាយចន្ទី សម្តែងការចង់បានការបណ្តាក់ទុនពីវិនិយោគិនជប៉ុនបន្ថែមទៀតនៅក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជានាពេលខាងមុខ ក្រៅពីក្រុមហ៊ុន Mirarth Holdings។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនចង់បណ្តាក់ទុននៅក្នុងប្រទេសណាមួយ តែងមានភាពយឺតយាវបន្តិច ប៉ុន្តែការវិនិយោគរបស់គេមានភាពច្បាស់លាស់ និងបង្ហាញឱ្យឃើញថាប្រទេសទាំងនោះមានបរិយាកាសវិនិយោគល្អ ។ តួយ៉ាង ការវិនិយោគរបស់ក្រុមហ៊ុន Mirarth Holdings នៅក្នុងវិស័យស្វាយចន្ទីកម្ពុជា វាបង្ហាញឱ្យឃើញថាក្រុមហ៊ុនស្វែងរកប្រាក់ចំណេញបាន ហើយមានតម្លាភាពសង្គម។ លើសពីនេះធ្វើឱ្យវិនិយោគិននៅតាមបណ្តាប្រទេសផ្សេងទៀត និងចូលមកវិនិយោគតាមដែរ ព្រោះវិនិយោគិនបរទេសទំាងនោះគេជឿជាក់លើការសិក្សារបស់ក្រុមហ៊ុនជប៉ុន។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជាខាងលើ ក្រុមហ៊ុនជប៉ុនចូលមកបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យស្វាយចន្ទីកម្ពុជាមិនត្រឹមតែចង់កែច្នៃគ្រាប់ស្វាយចន្ទីប៉ុណ្ណោះទេ ជប៉ុនថែមទាំងចង់ធ្វើការកែច្នៃសំបគ្រាប់ស្វាយចន្ទីគាបយកប្រេងថែមទៀត ដោយសារវាទទួលបានកម្រៃខ្ពស់។
ផ្អែកលើការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក្នុងវិស័យស្វាយចន្ទីនាពេលសព្វថ្ងៃ, លោក អួន ស៊ីឡុត ទទួលស្គាល់ថា “ច្បាស់ណាស់យើងត្រូវការ ការវិនិយោគបន្ថែមពីក្រុមហ៊ុនជប៉ុនសម្រាប់វិស័យស្វាយចន្ទី ព្រោះកាលណាមានការវិនិយោគរបស់ជប៉ុនមានច្រើន វាបង្ហាញអំពីបរិយាកាសវិនិយោគល្អនៅក្នុងប្រទេសកម្ពុជា ហើយមានតម្លាភាពដែលអាចទទួលយកបាន ដើម្បីបង្ហាញទៅដល់វិនិយោគិននៅតាមបណ្តាប្រទេសនានាឱ្យចាប់អារម្មណ៍មកលើកម្ពុជាថែមទៀត”។
លោក Taniguchi Kentaro ប្រធានក្រុមហ៊ុន Mirarth Holdingsថ្មីៗនេះបានបង្ហាញព័ត៌មានដល់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីថា បច្ចុប្បន្នក្រុមហ៊ុន Mirarth Holdings មានសមត្ថភាពកែច្នៃគ្រប់ស្វាយចន្ទី ១៥០០ តោន ក្នុងមួយឆ្នាំ និងអាចឡើងដល់ប្រមាណ ៣០០០ តោននៅដើមឆ្នាំ២០២៥ ហើយក្រុមហ៊ុននឹងបន្តពង្រីកផលិតកម្មរបស់ខ្លួនរហូតដល់ប្រមាណ ២៥ ០០០ តោន ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំទៀត។
លោកបញ្ជាក់ថា “ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុនមួយនៅប្រទេសហូឡង់ដ៍ ហើយគ្រោងនឹងនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ២៥០តោន ទៅកាន់ទីផ្សារអ៊ឺរ៉ុបក្នុងពេលខាងមុខនេះ។ លើសពីនេះក្រុមហ៊ុនក៏មានគម្រោងពង្រីកសកម្មភាពកែច្នៃគ្រាប់និងកសិផលស្វាយចន្ទីផងដែរ ដូចជាការកែច្នៃធ្វើជាប្រេង គ្រឿងសម្អាង និងផលិតថាមពលជីវម៉ាស ដែលសុទ្ធសឹងជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់”។
យោងតាមលោក អួន ស៊ីឡុត គិតត្រឹមរយៈពេល១០ខែក្នុងឆ្នាំ២០២៤ កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ៨៤ម៉ឺនតោន ក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមប្រមាណ៧៩ម៉ឺនតោន ដែលអាចឱ្យកម្ពុជារកបានប្រាក់ពីនាំចេញបានប្រមាណ ១១០០លានដុល្លារអាម៉េរិក៕ SL