សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការជំរុញកំណើនសេដ្ឋកិច្ច គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ខណៈរដ្ឋាភិបាល ក៏ប្តេជ្ញាដាក់ចេញនូវគោលនយោបាយនិងយន្តការចាំបាច់នានា ដើម្បីធានាបរិយាកាសវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកតាន់ស្រ៊ី មីសែល យ៉ាវ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ ជា សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព។ សម្ដេចបានបន្តថា ការជំរុញកំណើនសេដ្ឋកិច្ច គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យឯកជនបានដើរតួនាទីគន្លឹះក្នុងការបង្កើតការងារ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសើរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមនឹងនោះ សម្តេចអះអាងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ យន្តការចាំបាច់នានា និងការលើកទឹកចិត្តដើម្បីធានាបរិយាកាសវិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី សំដៅធានានូវភាពជោគជ័យ និងកាលានុវត្តភាពកាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគនៅកម្ពុជា។
ជុំវិញការលើកឡើងនេះ លោកប្រធានវិទ្យាស្ថាន KSI បានគូសបញ្ជាក់ថា វិទ្យាស្ថាន KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយលោកមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត៕ អត្ថបទ៖ ហ្សាលីន



