សម្តេចធិបតី អំពាវនាវឱ្យអ្នកមានបញ្ហានៅតាមគម្រោងបុរីនានា បន្តដោះស្រាយគ្នាដោយសន្តិភាព

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្តេជធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកមានបញ្ហា នៅតាមគម្រោងបុរីនានាបន្តអត់ធ្មត់ និងចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា ដោយសន្តិភាព​ ខណៈសម្តេចអះអាងថា រាជរដ្ឋាភិបាល នឹងមិនចោលប្រជាពលរដ្ឋទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកដែលមានបញ្ហាជាមួយគម្រោងបុរីនានា សូមបន្តអត់ធ្មត់ និងបន្តដោះស្រាយដោយសន្តិភាព ជាជាងការមិនព្រមចរចាដោះស្រាយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ទាំងសងខាង។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវបន្តក្នុងស្មារតីរកវិធីដោះស្រាយដោយសន្តិភាព នៅក្នុងបុរីអ្នកដែលរងផលប៉ះពាល់ សូមបន្តយោគយល់ និងព្យាយាមជួយដោះស្រាយ ព្រោះការដោះស្រាយនេះ មិនមែនធ្វើម្តងចប់ទេ ពោលគឺត្រូវការពេលវេលា ហើយត្រូវធ្វើជាជំហានៗ។

បន្ថែមពីនេះ សម្តេចធិបតីបានថ្លែងបញ្ជាក់ដែរថា បញ្ហានៅតាមបុរី កើតឡើង​ដោយ​សារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ច។ ទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាអ្នករងគ្រោះដូចគ្នា ដូច្នេះការបន្តរួមគ្នាដោះស្រាយបញ្ហា គឺជាការចាំបាច់។

គួរបញ្ចាក់ដែរថា ពាក់ព័ន្ធនឹងបញ្ហាវិវាទរវាងបុរី និងអតិថិជន ក្រសួងក្រសួងរៀបចំដែនដី បាន និងកំពុងរកដំណោះស្រាយសមស្រប ចំពោះគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោងនៅទូទាំងប្រទេស រួមមានបុរី ចំនួន២៧ ស្មើនឹង ៧៧គម្រោង, ផ្សារ និងខុនដូចំនួន ៤គម្រោង និងដីឡូតិ៍ចំនួន ១៨គម្រោង ក្នុងនោះ ដោះស្រាយបាន ៥៣គម្រោង នៅសល់ចំនួន ៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញជាលំដាប់៕ អត្ថបទ៖ ហ្សាលីន