លោក ប្រាក់ សុខុន ដែលទើបឡើងកាន់តំណែងថ្មីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលផ្សាយចេញកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក ជីវ ជានធាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយ ឥស្សរជនចិនផ្សេងទៀតផងដែរ។
ស្របពេលដែលឆ្នាំ ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន គឺមានគោលបំណងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អ្នកការទូតដ៏ចំណានរបស់កម្ពុជា ទទួលបានការទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ឱ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកម្ពុជានៅឆ្នាំ២០១៦។ បន្ទាប់ពីបំពេញការងារប្រកបដោយភាពលេចធ្លោររយៈពេលប្រមាណជា៧ឆ្នាំ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មី លោក ប្រាក់ សុខុន ក៏ត្រូវបានប្តូរចេញពីក្រសួងការបរទេស ហើយទទួលបានតំណែងជាអនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា។
បន្ទាប់ពីចាកចេញពីក្រសួងការបរទេសកម្ពុជារយៈពេលជាងមួយឆ្នាំ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាក់ សុខុន មានអតីតភាពជាអ្នកសារព័ត៌មាន ក៏ទទួលបានការទុកចិត្តពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងទទួលការគាំទ្រពីសមាជិករដ្ឋសភា បោះឆ្នោតឱ្យរូបលោកវិលចូលសមរភូមិចាស់វិញ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាថ្មីឡើងវិញ៕ អត្ថបទ៖ ហ្សាលីន