សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទឹកចិត្តឱ្យក្រុមហ៊ុន Hong Leong Manufacturing Group ពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
នេះបើតាមរយៈជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កម្មន្តសាល និងបច្ចេកវិទ្យា។ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ រួមមាន៖ ប្រទេសចិន, ទីក្រុងហុងកុង, ចក្រភពអង់គ្លេស, ប្រទេសក្នុងតំបន់អាស៊ាន និងអ៉ឺរ៉ុប។
ចំណែកនៅកម្ពុជា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ។ តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន និងស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
សម្ដេចធិបតីបានបញ្ជាក់ពីគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់ថា កម្ពុជាធានាបាននូវបរិយាសវិនិយោគមួយដែលមានស្ថិរភាព, មានភាពប្រកួតប្រជែង និងមានក្របខ័ណ្ឌច្បាប់វិនិយោគមួយប្រកបដោយភាពទាក់ទាញ និងបើកទូលាយសម្រាប់វិនិយោគិន ជាមួយនឹងការផ្ដល់ការលើកទឹកចិត្តជាច្រើនថែមទៀត ដល់វិស័យឯកជន។
ឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានទឹកចិត្តឱ្យក្រុមហ៊ុន Hong Leong Manufacturing Group ពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក ខណៈរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមជាស្រេចដើម្បីជួយគាំទ្រ និងបង្កភាពងាយស្រួលដល់ភាពជោគជ័យរបស់បណ្តាក្រុមហ៊ុននានា ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕