ក្រុមហ៊ុនផ្នែកដឹកជញ្ជូនធំមួយ ចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន YCH Group បានបង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ដោយផ្តោតលើ វិស័យដឹកជញ្ជូន និងឡូជីស្ទីក។នេះបើយោងតាមជំនួបរវាងក្រុមហ៊ុន ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group បានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព ខណៈក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ ដែលរួមមាន៖ វិស័យដឹកជញ្ជូន និងឡូជីស្ទីក​ ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានបង្ហាញក្តីរីករាយចំពោះក្រុមហ៊ុន ដែលចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា។ សម្តេចធិបតី បន្តថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។

បន្ថែមពីនេះ សម្តេចធិបតី បានអះអាងថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាអាទិភាពចំពោះការធានាឱ្យបាននូវបរិយាកាសអំណោយផល, ភាពប្រកួតប្រជែង, ភាពរីកចម្រើន, និងភាពជោគជ័យរបស់វិស័យឯកជន ដែលកំពុងតែមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ​ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាឱ្យបានលម្អិត​​ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីរៀបចំផែនការអាជីវកម្មអនាគត របស់ក្រុមហ៊ុន​។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន YCH Group មានអាជីវកម្មកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ​ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី៕ អត្ថបទ៖ ហ្សាលីន