គម្រោងផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) បានសម្រេចការសាងសង់រួចរាល់ ១០០%ហើយ។
នេះបើតាមការឱ្យដឹងពី លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ក្នុងដំណើរដឹកនាំក្រុមការងារចុះពិនិត្យគម្រោងផ្ទាល់ កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ខាន់ ម៉ាណេរ បានឱ្យដឹងថា បេសកកម្មចុះពិនិត្យគម្រោងផ្ទាល់ មានការចូលរួមពីក្រុមការងារពាក់ព័ន្ធគម្រោង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។លោកថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ក្នុងន័យ អាចធានាបានថាគម្រោងផ្លូវជាតិលេខ៣១ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
ឆ្លៀតពេលនោះ លោក បានកើនរំឮកដល់ក្រុមហ៊ុនសាងសង់ សូមបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ ទន្ទឹមនោះដែរ ក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថា នឹងរៀបចំឱ្យបានរួចរាល់ និងបានឆាប់ជូន មុនពិធីបុណ្យសមុទ្រដែលប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខ ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គិតត្រឹមចុងខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ លទ្ធផលការងារបានសម្រេច ១០០% ហើយ ដោយមានការវាយតម្លៃយល់ព្រមទទួលយក និងដាក់ឱ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ៕ អត្ថបទ៖ ហ្សាលីន