គណៈប្រតិភូនៃវិទ្យាស្ថានពាណិជ្ជកម្ម ជឹង គង់ (Cheung Kong Graduate School of Business_CKGSB) ដឹកនាំដោយលោក Jiang YiFei នាយកគ្រប់គ្រងវិទ្យាស្ថាន បានមកជួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។


នាឱកាស លោក Jiang YiFei នាយកគ្រប់គ្រងវិទ្យាស្ថានខាងលើ បានឱ្យដឹងថា លោកបានមើលឃើញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ពិសេសលើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាដែលនឹងអាចឈានទៅមានសមត្ថភាពពេញលេញនាពេលឆាប់ៗខាងមុខនេះ។ បន្ថែមពីនេះដែរ លោកនាយក ក៏បានស្នើសុំការណែនាំបន្ថែមទៀតពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកិច្ចការងារកម្មសិទ្ធបញ្ញា ស្ថានភាពទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) និងកិច្ចវិនិយោគលើវិស័យថាមពលជាដើម។
ជាការឆ្លើយតប នៅក្នុងកិច្ចពិភាក្សានាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បញ្ជាក់ប្រាប់ជូនដល់ប្រតិភូវិទ្យាស្ថានខាងលើ អំពីកត្តាសុខសន្តិភាព ស្ថិរភាព កាលានុវត្តភាពវិនិយោគរបស់កម្ពុជា វិស័យជាអាទិភាព ផែនការមេ ព្រមទាំងកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច និងធានាប្រក្រតីភាពនៃកិច្ចវិនិយោគរបស់វិនិយោគិនទាំងជាតិ និងអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា បើនិយាយពីស្ថានភាពវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ពោលគិតចាប់ពីខែមករា ដល់ខែតុលា ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕ អត្ថបទ៖ ហ្សាលីន




