លោក ជា វុទ្ធី អគ្គលេខធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ឧកញ៉ា Tan Khee Meng បានជម្រាបជូនថា ក្រុមហ៊ុនបានគិតគូរវិនិយោគក្នុងវិស័យចំនួន ៤ រួមមាន៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។
ជាការឆ្លើយតប ចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ លោក ជា វុទ្ធី បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីទំហំទីផ្សារ ក៏ដូចជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងបានស្វាគមន៍គម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬ វិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដោយទទួលបានគម្រោងវិនិយោគដែលប្រើបច្ចេកវិទ្យាទំនើបនិងមានតម្លៃបន្ថែមខ្ពស់ជាច្រើន ដូចជាគម្រោងវិនិយោគផលិតសំបកកង់រថយន្ត, សម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយាន ។ល។
បន្ថែមលើនេះ កន្សោមឧស្សាហកម្ម (industrial cluster) ត្រូវបានលេចជារូបរាងក្នុងតំបន់សេដ្ឋកិច្ចពិសេស លើមុខសញ្ញាវិនិយោគមួយចំនួន រួមមាន៖ ការផលិតអំពូលលម្អអគ្គិសនី ខ្សែភ្លើង សម្ភារៈតុបតែងលម្អដើមគ្រីស្មាស់ គ្រឿងសង្ហារឹម ក្តារប្លាកេ ក្តារបន្ទះ និងការផ្គុំដំឡើងទោចក្រយាន។ល។
ទន្ទឹមនឹងនោះ លោកអគ្គលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ, ការកែច្នៃជ័រកៅស៊ូ, និងការកែច្នៃកសិផលផ្សេងៗជាច្រើនទៀតដែលនាពេលបច្ចុប្បន្នទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម៕