នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំប្រារព្ធពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៦០រូប ដោយមានការចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងភ្ញៀវកិត្តិយសនៅសាលប្រជុំ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។

នៅក្នុងអង្គពិធីនាព្រឹកនេះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងកោតសរសើរ និងអបអរសាទរដល់សិស្សឆ្នើមនិទ្ទេស A ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្ររហូតមករហូតទទួលបាននូវជោគជ័យក្នុងការសិក្សាគួរជាទីមោទនៈ ពិសេសគឺលទ្ធផលក្នុងប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤ ដែលសិស្សទទួលបាននិទ្ទេស A រហូតដល់ចំនួន៦០រូប។ លោកស្រីបានហៅសិស្សឆ្នើមទាំងនេះថាជា “ដួងតារាប្រចាំឆ្នាំ (Stars of the Year)” របស់សាលាដែលគួរឱ្យកោតស្ញប់ស្ញែងបំផុត ហើយដើម្បីជាការលើកទឹកចិត្តដល់សិស្សឆ្នើមទាំង៦០រូប សាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រគល់នូវមេដាយ បណ្ណសរសើរ រួមទាំងកុំព្យូទ័រយួរដៃ (Laptop) ម្នាក់មួយគ្រឿងផងដែរ។ លោកស្រីបានថ្លែងអំណរគុណទៅដល់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានខិតខំចូលរួមចំណែកទាំងអស់គ្នាបំពេញនូវកាតព្វកិច្ចសម្រេចឱ្យបាននូវលទ្ធផលដ៏វិសេសវិសាលមួយនេះ។

គួរបញ្ជាក់ដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ផ្តោតសំខាន់លើគុណភាព វិន័យ និងសេវាកម្ម ដែលបានញ៉ាំងឱ្យគុណភាពអប់រំនៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) កាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសគឺចំនួនសិស្សានុសិស្សមានការកើនឡើងជាលំដាប់ ដែលអាចឱ្យសាលាបើកពង្រីកនូវសាខារបស់ខ្លួនរហូតដល់១២សាខានាឆ្នាំសិក្សា២០២៤-២០២៥ ដែលទើបបើកបវេសនកាលសិក្សានាថ្មីៗនេះ៕





