ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៥០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទិញវ៉ាក់សាំងការពារកូវីដ១៩ តាមរយៈ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
បន្ទាប់ពីប្រមុខដឹកនាំសម្តេចតេជោ ប្រកាសពីការត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី និងសម្តេចម៉ែ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ១០ម៉ឺនដុល្លារជូនដល់សម្តេចតេជោ។
គួរំលឹកផងថា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។