សម្តេចធិបតី៖ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុង​អន្តរជាតិបង្ហាញ​ថា​ កម្ពុជាមានសន្តិភាព​ និង​សុវត្ថិ​ភាព​ពេញបរិបូរណ៌

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុង​អន្តរជាតិ មិនត្រឹម​តែរួមចំណែក​ដល់សកម្មភាព​មនុស្សធម៌​ ប៉ុន្តែ​ក៏បង្ហាញ​ថា​ កម្ពុជាមានសន្តិភាព​ ស្ថិរភាព​ និង​សុវត្ថិ​ភាព​ពេញបរិបូរណ៌ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សារវាងសម្តេច និងលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ី នៅសៀមរាប-អង្គរ កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនខាងលើ បានថ្លែងអរគុណសម្ដេចធិបតីដែលបានចូលរួមព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី ២៩​ ហើយ​ក្រុម​ហ៊ុន​Manulife បាន​ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ ដើម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។ ជាមួយគ្នានោះ លោកក៏បានប្ដេជ្ញាចិត្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តចូលរួមចណែកក្នុងការអភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអរគុណក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនាពេលកន្លងមក​ ហើយឆ្នាំនេះ មានអ្នកចូលរួមច្រើនកុះករ ដែលចំនួននេះកើនលើសឆ្នាំកន្លងទៅ។ សម្តេចបន្តថា ព្រឹត្តិការណ៍នេះ​ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព​ សុវត្ថិ​ភាព​ពេញបរិបូរណ៍។

សម្ដេចបាន ក៏បញ្ជាក់បន្តថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។  បន្ថែមពីនេះ សម្ដេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត គឺទទួលបានអ្នកចូលរួមចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស។ ជាមួយគ្នានេះផងដែរ​ ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ​ ក៏បានរួមចំណែកជួយលើកកម្ពស់ស្មារតីកីឡាដើម្បីសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរណ៍​ គឺកីឡារស់ក្នុងសន្តិភាព៕ អត្ថបទ៖ ហ្សាលីន