ក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. ដែលជាក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiang របស់ចិន បានជួបពិភាក្សាជាមួយអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា សំដៅចូលរួមចំណែកជំរុញការវិនិយោគលើការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្មនៅកម្ពុជានាពេលខាងមុខ។
ថ្លែងក្នុងជំនួប កាលពីចុងសប្តាហ៍មុន លោក Yang Yaming ប្រធានក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd បានលើកឡើងថា ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការវិនិយោគធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេស ថាមពលអគ្គិសនីដែលប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។
ជាមួយគ្នានេះ លោក Yang Yaming បានធ្វើបទឧទ្ទេសនាមខ្លីអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍថាមពលអគ្គិសនី និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។
ជាការឆ្លើយតប លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍គណៈប្រតិភូចិន ដែលមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។
បន្ថែមពីនេះ លោក បានជម្រាបជូនពីកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន និងកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា ការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ។
ក្រៅពីនេះ លោកក៏បានជំរុញលើកទឹកចិត្តក្រុមហ៊ុនឱ្យធ្វើការពិភាក្សាជាមួយតួអង្គពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកការគាំទ្រជាលក្ខណៈបច្ចេកទេស។បន្ថែមពីនោះ លោកក៏ជំរុញឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូចិនជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនចិនបន្តបន្ទាប់ទៀត ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន Zhejiang Energy Group Co., Lid. ជាក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiang មានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា ថាមពលអគ្គិសនី, ហេដ្ឋារចនាសម្ព័ន្ធ, ការផលិតថាមពលធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ៕ អត្ថបទ៖ ហ្សាលីន