ស្របតាមសំណូមពររបស់បងប្អូនអ្នកប្រកបរបរជាអ្នកបើកបរកាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសម្រេចផ្ដល់អំណោយចំនួន៣ ដល់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ នេះបើតាមការឱ្យដឹងពីផេកផ្លូវការរបស់សម្ដេចធិបតី នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។
បន្ទាប់ពីសម្ដេចធិបតី បានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ សម្ដេចបានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក និងបានជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបើកបរកាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរផងដែរ។
ក្រោយពីជួបសំណះសំណាល និងទទួលសំណូមពរ ពីបងប្អូនអ្នកប្រកបរបរបើកបរកាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ សម្ដេចធិបតី បានផ្ដល់ដំណោះស្រាយជូនបងប្អូនទាំងអស់ ដោយសម្ដេច នឹងកសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការហុយ។
បន្ថែមពីនោះ សម្ដេចធិបតី នឹងកសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន។ ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។
សូមជម្រាបជូនថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិនៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាប។ ភ្ញៀវទេសចរដែលទៅដល់ទីនោះ អាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប, ទស្សនាផ្ទះសង់ខ្ពស់ៗ នៅលើផ្ទៃទឹក, អុំទូកទស្សនាក្នុងភូមិ, ទស្សនាព្រៃលិចទឹក, ទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ, ភោជនីយដ្ឋានបណ្តែតទឹក, បែចិញ្ចឹមត្រី ជាពិសេសផ្តិតយកនូវរូបភាពស្អាតៗទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹងទន្លេសាប ៕