លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូលដ្ឋាននៅខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងពិគ្រោះយោបល់លើកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញ។
ក្នុងជំនួបនោះ លោក សួន សុផល បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ក្នុងស្មារតីនេះ ការចូលរួមចំណែកនៃរំហូរវិនិយោគផ្ទាល់ពីប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។
នាឱកាសនោះ លោកក៏បានលើកទឹកចិត្តឱ្យសមភាគីបន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និងទទួលបានគោលការណ៍ជាលក្ខណៈបច្ចេកទេសពីក្រសួងជំនាញ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកទ្វារចំហស្វាគមន៍ជានិច្ចក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និងប្បញ្ញត្តិជាធរមាន។
ជាការឆ្លើយតប លោកប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. បានសម្តែងនូវការកត់សម្គាល់អំពីថាមភាពរបស់កម្ពុជាក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ហើយលោកជឿជាក់ថា ការវិនិយោគផ្ទាល់ពីប្រទេសចិនពិតជាបានជះផលវិជ្ជមានលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រាកដមែន។
ទន្ទឹមនឹងនោះ លោកក៏បានទទួលយកអនុសាសន៍ណែនាំរបស់លោក សួន សុផល និងបានបង្ហាញសុទិដ្ឋិនិយមថា Windey Energy Technology Group Co., Ltd. នឹងអាចមានឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យថាមពលស្អាតនាពេលខាងមុខផងដែរ៕