អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរចំនួន ១,៣ លាននាក់ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

សៀមរាប ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរចំនួន ១,៣ លាននាក់ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤។នេះបើយោងតាមលោក លូ វេយ ( Lu Wei) ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នាខេត្តសៀមរាប លោក លូ វេយ បានឱ្យដឹងថា៖អាកាសយានដ្ឋានរំពឹងថាទទួលបានចំនួនអ្នកដំណើរដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤និងចំនួន២លាននាក់នៅក្នុងឆ្នាំ២០២៥។

លោកបានលើកឡើងថា៖ក្រុមហ៊ុនបាននិងកំពុងកិច្ចខិតខំផ្សព្វផ្សាយនិងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។

ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងទៀតថា៖ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរ Yunnan Investment Group គ្រោងនឹងអភិវឌ្ឍតំបន់នៅជុំវិញអាកាសយានដ្ឋាន ដើម្បីទាក់ទាញការវិនិយោគឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។

លោករដ្ឋមន្ត្រីឧស្សាហកម្ម បានលើកឡើងថា៖ “យើងចង់ឱ្យក្រុមហ៊ុនវិនិយោគ ទាំងតូច និងទាំងធំ ទទួលជោគជ័យ។ នៅពេលដែលឧស្សាហកម្មក្នុងស្រុករីកចម្រើន ការដឹកជញ្ជូនតាមផ្លូវអាកាសនឹងកើនឡើង ដែលនឹងជំរុញការអភិវឌ្ឍអាកាសយានដ្ឋាននេះ និងតំបន់ជុំវិញបន្ថែមទៀត។”

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុងសៀមរាប ត្រូវបានបើកដំណើរការជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៧ លាននាក់ក្នុងមួយឆ្នាំ ដោយផ្តល់ជាច្រកចេញចូលដ៏ទំនើបមួយទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាង្គប្រាសាទអង្គរវត្តនិងប្រាសាទបុរាណជាច្រើន៕