លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានសន្យាថា នឹងជួយផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។លោកថ្លែងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី២ ធ្នូ ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។


នាឱកាសនោះ លោក Wang Huning បានស្វាគមន៍សម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅប្រទេសចិន ខណៈលោកថា ចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។
លោក បានបញ្ជាក់ទៀតថា ចិន បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀត ហើយលោក ក៏បានសន្យាថាប្រទេសចិននឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀតផងដែរ។
ជុំវិញការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក Wang Huning ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ សម្ដេច បន្តថា ទស្សនកិច្ចនេះ បានធ្វើឡើងក្រោយពីទស្សនកិច្ចរបស់សម្ដេចកាលពីដើមឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្តដែកថែប និងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។
ជាថ្មីម្តងទៀត សម្ដេចតេជោ ក៏បញ្ជាក់ពីការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជា ថាកម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ សម្តេចថា មិត្តចិនបានផ្ដល់នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន ដើម្បីពង្រឹងមិត្តភាពទ្វេភាគី។ការបំពេញទស្សនកិច្ចនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ហើយធ្វើឡើងតបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន៕អត្ថបទ៖ ហ្សាលីន


