រដ្ឋាភិបាល ដាក់ចេញយុទ្ធសាស្រ្តធំៗ៦ចំណុច ដើម្បីលើកកម្ពស់បរិយាបន្នពិការភាពលើគ្រប់វិស័យ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តធំៗ៦ចំណុច ដើម្បីលើកកម្ពស់បរិយាបន្នពិការភាពលើគ្រប់វិស័យ សំដៅលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពស្របតាមបរិបទយុគសម័យបរិវត្តកម្មឌីជីថលឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២  ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី បានណែនាំឱ្យ គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការរួមទាំងមន្ត្រីមានពិការភាពឱ្យ ចេះប្រើប្រាស់ឌីជីថលនៅក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ការងាររបស់អង្គភាពនិងសកម្មភាពរស់នៅប្រចាំថ្ងៃ។ជាមួយគ្នានោះ សម្តេចធិបតី បានលើកឡើងថា ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា រាជរដ្ឋាភិបាលសូមជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អនុវត្តន៍នូវយុទ្ធសាស្រ្តធំៗចំនួន៦ចំណុចរួមមាន៖

១- ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើននិងពង្រឹងប្រសិទ្ធភាព ការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងត្រូវកែសម្រួលសមាសភាពជាប្រចាំតាមស្ថានភាពប្រែប្រួល ជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ។ ដោយឡែក ក្រសួង ស្ថាប័ន ដែលមិនទាន់បានបង្កើតក្រុមការងារ សកម្មភាពជនពិការ ត្រូវបង្កើតនិងរៀបចំសមាសភាពឱ្យសមស្របទៅតាមបរិបទការងាររបស់ក្រសួង ស្ថាប័ន នីមួយៗ។

២- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវចូលរួមចំណែកយ៉ាងសកម្មជំរុញការផ្តល់សេវានានា ដល់ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើយន្តការអន្តរវិស័យដែលមានស្រាប់ គឺក្រុមប្រឹក្សា សកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជន ពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិស្ដីពីពិការភាពនៅកម្ពុជា។

៣- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ផ្នែក អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ដែលមានការទទួល ខុសត្រូវលើសំណង់អគារ និងទីធ្លាសាធារណៈនានា ត្រូវចាប់ផ្ដើមកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ជនមាន ពិការភាពនៅតាមសំណង់អគារនិងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បាន ស្របតាមច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

៤- ក្រសួងសុខាភិបាល និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបន្តសហការគ្នាឱ្យបានល្អជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្ដល់បណ្ណបើកបរដល់ជនមានពិការភាពដោយគ្មាន ឧបសគ្គឬការរើសអើងអ្វីឡើយ ឱ្យស្របតាមប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនដែលទទួលខុសត្រូវលើ មធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវរៀបចំឬកែសម្រួលមធ្យោបាយ ដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឱ្យជនមានពិការភាពអាចប្រើប្រាស់បាន។

៥- ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការគ្នាឱ្យបាន ល្អបំផុតក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមគំរូវេជ្ជសាស្ត្រ និងស្តារលទ្ធភាពពលកម្មតាមគំរូសង្គម ប្រកបដោយគុណភាពនិងដោយមិនគិតថ្លៃ ជូនជនមានពិការភាពដែលក្រីក្រដូចបានកំណត់នៅក្នុងគោល- នយោបាយរបស់រាជរដ្ឋាភិបាល។

និង៦- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់បណ្ណពិការភាព ជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់ បណ្ណស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងការទទួលបានផលប្រយោជន៍នានាពីសង្គម។ 

គួរបញ្ជាក់ ការជំរុញឱ្យអនុវត្តន៍យុទ្ធសាស្រ្តទាំង៦ចំនុចខាងល ត្រូវបានរាជរដ្ឋាភិបាល បានអះអាង គឺដើម្បីជំរុញនិងបង្កើនល្បឿនក្នុងការធ្វើបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធ បច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ តួយ៉ាងដូចជាវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច នយោបាយ វប្បធម៌ សិល្បៈ កីឡាជាដើម ដោយប្រើប្រាស់យុគសម័យបរិវត្តកម្មឌីជីថលជាសកលនាពេលបច្ចុប្បន្នឱ្យក្លាយ ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់សង្គមជាតិកម្ពុជា៕ អត្ថបទ៖ ហ្សាលីន