សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួង កសិកម្ម រុក្ខាសប្រមាញ់និងនេសាទ បានឱ្យដឹងថាសហគមន៍កសិកម្មទំនើបស្រូវនាងអំ នឹងមានផលិតជាអង្ករលក់រាយដោយផ្ទាល់ទៅកាន់អ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ ហើយក្រសួងកសិកម្មកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់និងទីផ្សារជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការ Swiss Contact។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា “ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ អីឡូវនេះសហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន”។
បើយោងតាមមន្ត្រីជាន់ខ្ពស់កសិកម្មខាងលើ សម្រាប់បងប្អូនដែលចូលចិត្តប្រភេទស្រូវចម្ការ អង្កររឹងល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃបងប្អូនកសិករសហគមន៍កុំភ្លេចចាំជួយគាំទ្រ និងសាកល្បងទិញយកទៅហូបផង ខែក្រោយនេះមានលក់ហើយ។

អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំបានឱ្យដឹងថា ទិន្នផលស្រូវដែលសហគមន៍ផលិតបាននៅឆ្នាំដំបូងនេះ អ្នកស្រីមិនមានគម្រោងលក់ឬចែកចាយទៅដល់ដៃគូអាជីវកម្មនៅក្នុងស្រុកនោះទេ គឺស្តុកទុកសម្រាប់កែច្នៃជាអង្ករលក់ធ្វើជារបស់សហគមន៍ខ្លួនឯង។
អ្នកស្រី គូសបញ្ជាក់ថា “ស្រូវនាងអំដែលក្រុមកសិករផលិតបាន គឺសហគមន៍មិនលក់ទៅឱ្យឈ្មួញណាមួយនោះទេ យើងទុកធ្វើការកែច្នៃជាអង្ករលក់ដោយខ្លួនង ព្រោះពីមុនមកខ្ញុំក៏ជាអ្នករកស៊ីលក់អង្ករម្នាក់ផងដែរ។ ដូចនេះខ្ញុំមិនចង់ឱ្យបាត់ស្រូវដែលផលិតដោយកសិករនៅក្នុងសហគមន៍ខ្លួនឯងនោះទេ ហើយយើងសង្ឃឹមថាប្រជាជននឹងគំាំទ្រ ផលិតផលអង្ករនាងអំ របស់សហគមន៍”។
គួរបញ្ជាក់ថាផងដែរ ថានៅឆ្នាំ២០២៤នេះ, សហគមន៍កសិកម្មទំនើបស្រូវនាងអំបានធ្វើការផលិតស្រូវនាងអំនៅឆ្នាំដំបូងនេះលើផ្ទៃដីសរុបជិត៦០០ហិកតា និងបានចាប់ផ្តើមប្រមូលផលនៅថ្ងៃទី១១ខែវិច្ឆិកា ដល់ដើមខែធ្នូនេះ សម្រេចបានជិត២០០ហិកតា គិតជាទិន្នផលបានប្រមាណជាង៣០០តោន ហើយនៅក្នុងដំណាក់កាលប្រមូលផលដំបូងៗស្រូវនាងអំ លក់បានថ្លៃចន្លោះពី៩៥០ទៅ១០៥០រៀលក្នុងមួយគីឡូក្រាម៕ SL




