គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ចាប់ពីថ្នល់ទទឹង ដល់ជុំគិរី សម្រេចបានជាង៩៧%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

ផ្លូវជាតិលេខ៤១ ប្រវែង ៩៥,២៧ គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤) រហូតដល់ជុំគិរី(ភ្ជាប់ផ្លូវជាតិលេខ៣) សម្រេចលទ្ធផលសាងសង់បានជាង ៩៧,០១% ហើយ បើគិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤។នេះបើតាមក្រសួងសាធារណការ ​និងដឹកជញ្ជូន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមលោកអនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។

ក្រសួងបានបន្តថា ការចុះពិនិត្យលើវឌ្ឍនភាពការងារនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខ ដែលមានន័យថា គម្រោងនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ។

សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ(PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ សម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ហើយ ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់ស្ទើរ១០០ភាគរយ ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ) ក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ៕