សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រធានាធិបតីចិន ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា។
សម្តេចតេជោ បានអញ្ជើញប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសអញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយលោកប្រធានាធិបតី អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានអញ្ជើញ លោកប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បីឱ្យលោក បានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកកាលពីឆ្នាំ២០១៦។
ជាការឆ្លើយតប លោកប្រធានាធិបតី ស៊ី ជីនពីង បានបង្ហាញក្តីរីករាយនឹងទទួលការអញ្ជើញរបស់ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប នាពេលខាងមុខ។ លើសពីនេះ លោក ស៊ី ជីនពីង ក៏បានពាំនាំនូវសេចក្តីសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបានជូនពរសម្តេចតេជោ និងគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យផងដែរ។
សូមរម្លឹកដែរថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន ដើម្បីពង្រឹងមិត្តភាពទ្វេភាគី។
ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ហើយធ្វើឡើងតបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន៕
អត្ថបទ៖ ហ្សាលីន