គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច


ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគនិងធុរកិច្ចដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះនិងការសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានមានប្រសាសន៍ឱ្យដឹងថា៖អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨ គម្រោង ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាមេរិក។

លោកបណ្ឌិត បានបន្តថា៖ក្នុងចំណោមគម្រោងវិនិយោគនិងធុរកិច្ច ចំនួន ៤៨ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគជិត៥០០ លានដុល្លារអាម៉េរិក ។

គម្រោងទាំងនោះរួមមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។

ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ ឆ្នាំកន្លងមក បានចំនួន ៦ គម្រោង ដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច ។

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ២១៣ គម្រោង រួចមកហើយ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២៤ នេះ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មានចំនួន ១០១, គម្រោងថ្មី មានចំនួន ៨៩, ការពង្រីកគម្រោង មានចំនួន ១៩ និង គម្រោងមានស្រាប់ មានចំនួន ៤ ។

គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ។ ក្នុងនោះផងដែរ, គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាម៉េរិក មានចំនួន ២៣ គម្រោង ៕