សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកម្ពុជា ស្នើទៅកាន់ចិនឱ្យបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើរឿងសំខាន់ ចំនួន៣ ដើម្បីពង្រឹងការពារសន្តិសុខ និងជំរំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែប្រសើរ។
សំណើរនេះ ត្រូវបានស្នើឡើងក្នុងជំនួបកម្រិតខ្ពស់ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៃរដ្ឋធានីប៉េកាំង ប្រទេសចិន កាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចតេជោ បានស្នើទៅកាន់លោក ស៊ី ជីនពីង ឱ្យបន្តពង្រឹងកិច្ចសហប្រត្តិការលើរឿងសំខាន់ៗចំនួន៣ រួមមាន៖១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ។ល។ ២. បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេសទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធរបស់សម្តេចតេជោ ការស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរទៅអនាគត និង ៣.បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ជុំវិញរឿងនេះ ប្រធានាធិបតីចិន ស៊ី ជីនពីង បានលើកឡើងថា ចិន និងកម្ពុជា នឹងបន្តពង្រឹង ការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ។ លោកបានបន្ថែមថា កម្ពុជា-ចិនមានទំនុកចិត្ត ទៅវិញទៅមក ក្នុងការដោះស្រាយភាព ស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ ហើយភាគីចិនគាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។
តាមរយៈជំនួបនោះ កម្ពុជា-ចិន ក៏ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌកំណែទម្រង់ និងអភិវឌ្ឍបែបថ្មីនៃការសម្រេចកសាងសហគមន៍ជោគវាសនារួម ការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករថែមទៀត៕
អត្ថបទ៖ ហ្សាលីន