វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្លាយជាអាទិភាពទី១ ក្នុងចំណោមវិស័យសំខាន់៣ សម្រាប់អនុវត្តគម្រោងរយៈពេល១០ឆ្នាំខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាវិស័យអាទិភាពទី ១ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវារដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ក្នុងចំណោមវិស័យអាទិភាពចំនួន៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេចដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥ ចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងឯកជន និងរដ្ឋ រយៈពេល១០ (២០២៥-២០៣៥) រួមមាន៖

១. វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម)

២. វិស័យថាមពល

៣. វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់)។

សេចក្តីសម្រេចខាងលើបានបន្តថា ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាចដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពជាដៃគូររវាងរដ្ឋ និងឯកជន តាមនីតិវិធីជាធរមាន។

សូមបញ្ជាក់ថា ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ការពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន គឺជាមុំដ៏សំខាន់មួយ ក្នុងការគាំទ្រការធ្វើពិពិធកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបន្ថយសម្ពាធថវិកាជាតិ និងបន្ទុកបំណុលសាធារណៈ។នេះបើតាមបញ្ជាក់របស់រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលកន្លងទៅ។