មេដឹកនាំកម្ពុជា-ឡាវ បានឯកភាពគ្នា ថាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ពិសេសផ្តោតលើវិស័យការទូតសេដ្ឋកិច្ច និងវិនិយោគ សំដៅជំរុញទំនាក់ទំនង និងសេដ្ឋកិច្ចទ្វេភាគីកាន់តែប្រសើរឡើង។
ការឯកភាពនេះ បានធ្វើឡើងកាលរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នាឱកាសនោះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ។ ប្រមុខទាំងពីរ ក៏បានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។
ទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយ និងការទូត,សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការពារជាតិ និងសន្តិសុខ, ថាមពល, ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ទេសចរណ៍, វប្បធម៌ និងសិល្ប: ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ។
តាមរយៈជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើរឿងសំខាន់ចំនួន៣ រួមមាន៖១. កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ២. អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង៣. អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕