សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៧ ដោយគិតជាទឹកប្រាក់បានចំនួន ៤១៣.៩០លានដុល្លារសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧។
តាមរយៈក្រុមហ៊ុនខាងលើ ក្នុងនោះអង្ករកម្ពុជាបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩ ៤៤៨ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១១៣ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤ លានដុល្លារសហរដ្ឋអាមេរិក។
ក្រៅពីនេះ បាននាំចេញទៅកាន់ គោលដៅ ៣១ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន៦៨ ៣៤១ តោន គិតជាទឹកប្រាក់ចំនួន ៦០.០៤ លានដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ដែរថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញប្រភេទអង្ករក្រអូប បានចំនួន ៧៤.៨៥% ប្រភេទអង្ករស ធម្មតា ២០.១០% អង្ករចំហ៊ុយ ២.៩៥% អង្ករសរីរាង្គចំនួន ១.៨១% និងអង្ករផ្សេងៗចំនួន ០.២៩% ។
ក្រៅពីអង្ករ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៦៤២ ៥១១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៣៧៨.៧៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៨% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។នេះបើតាមការបញ្ជាក់បន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា៕