ការប្រកួតកីឡាស៊ីហ្គេម នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម បានកំណត់បង្ហាញត្រៀមដាក់ប្រភេទកីឡាចំនួន៤០ ប្រមាណ៥០០វិញ្ញាសា ហើយកម្ពុជាបានត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយជិត៣០ប្រភេទកីឡា ដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលផ្តុំត្រៀមលក្ខណៈក្រុមជម្រើសជាតិ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានប្រសាសន៍ថា នៅក្នុងការដាក់ប្រភេទកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមនេះ គឺមានប្រភេទកីឡាសក្តានុពលរបស់កម្ពុជាភាគច្រើនដែរ ដូចជាប្រភេទកីឡាប៉េតង់ វ៉ូវីណាម តេក្វាន់ដូ WT ជឺជីតស៊ូ ជាដើម ប៉ុន្តែនៅក្នុងប្រភេទកីឡាសក្តានុពលទាំងនោះ ដូចជាប៉េតង់ និងវ៉ូវីណាម គឺម្ចាស់ផ្ទះបានត្រៀមដាក់វិញ្ញាសាបានតិច ដោយមិនគ្រប់ចំនួននៃវិញ្ញាសាទាំងអស់ដែលគេដាក់ឲ្យប្រកួតនៅលើពិភពលោកនោះទេ។ ដូច្នេះការដាក់វិញ្ញាសាមិនគ្រប់នឹងធ្វើឲ្យបាត់បង់ការប្រកួតប្រជែងមេដាយមិនបានច្រើនទៅតាមនោះដែរ ដែលនេះជាផលលំបាកមួយដែរ ពីព្រោះថា ចំនួនវិញ្ញាសា គឺជាចំនួនមេដាយ។
ទោះជាយ៉ាងនេះក្តី ក៏ឯកឧត្តមអគ្គលេខាធិការរំពឹងថា ការដណ្តើមមេដាយមាស នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម នឹងកើនឡើងច្រើនជាងកាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមានភាគច្រើនដែរ។
«នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ការជំរុញការហ្វឹកហាត់បច្ចេកទេសរបស់ក្រុមជម្រើសជាតិ កំពុងជួបបញ្ហាច្រើនដែរ ដោយសារតែការហ្វឹកហាត់ប្រមូលផ្តុំត្រូវបានរំសាយជាបណ្តោះអាសន្ន ហើយបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនដោយខ្លួនឯង ដែលធ្វើឲ្យសិទ្ធផលក៏ធ្លាក់ចុះទៅតាមនោះដែរ។ ការអភិវឌ្ឍបច្ចេកទេសជួបការលំបាកច្រើន ដែលបច្ចុប្បន្នយើងសង្កេតឃើញថា មានតែប្រភេទកីឡាមួយចំនួនរបស់កម្ពុជា នៅក្រៅប្រទេសទេដែលអាចរក្សាសិទ្ធផលបាន ដូចជាកីឡាការិនីជឺជីតស៊ូ ខាន់ ជេសា, ខេស៊ី នៅសហរដ្ឋអាមេរិកជាដើម។ ចំណែកឯការហ្វឹកហាត់នៅក្នុងស្រុក ត្រូវរង់ចាំពេលវេលាស្ងប់ស្ងាត់នៃជំងឺកូវីដ-១៩ ដែលអាចនៅក្នុងរយៈពេល២-៣ខែទៅមុខ ឬនៅដើមឆ្នាំ២០២១ យើងនឹងជំរុញការហ្វឹកហាត់ពិសេសសម្រាប់ក្រុមជម្រើសជាតិ បើមិនដូច្នេះទេយើងនឹងជួបឧបស័គ្គច្រើន ក្នុងការអភិវឌ្ឍបច្ចេកទេសហើយ។» នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។
ឯកឧត្តមសង្កត់ធ្ងន់ថា «សម្រាប់ការហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២១ នៅវៀតណាមនេះ គឺក្រុមជម្រើសជាតិនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែងតែហ្វឹកហាត់ជាប់លាប់ជាប្រចាំ ដែលធ្វើឲ្យកម្រិតនៃការហ្វឹកហាត់របស់គេ មានការរីកចម្រើនល្អ ហើយបើប្រៀបធៀបនឹងក្រុមជម្រើសជាតិកម្ពុជាដែលមិនហ្វឹកហាត់ប្រមូលផ្តុំនេះ គឺមានគម្លាតឆ្ងាយពីគ្នា ដោយហេតុថា នៅស្រុកគេមានការត្រួតពិនិត្យ ការគ្រប់គ្រងកីឡាករ កីឡាការិនីជម្រើសជាតិគេ នៅក្នុងកន្លែងហ្វឹកហាត់លក្ខណៈប្រមូលផ្តុំលើការថែទាំគ្រប់គ្រងការពារជំងឺកូវីដ-១៩បានល្អ១០០%។ នេះគឺជាបញ្ហាធំ ដែលយើងខ្វល់ខ្វាយមែនទែន ដែលកម្រិតនៃក្រុមជម្រើសជាតិគេរុលទៅមុខ រីឯក្រុមជម្រើសជាតិកម្ពុជាថយមកក្រោយ ដោយនេះជាកង្វល់ដ៏ធំនៅក្នុងកម្រិតជំនាញបច្ចេកទេសរបស់យើង»។
ដោយឡែក ការត្រៀមខ្លួនលើប្រភេទកីឡាគុនខ្មែរ ដែលនៅក្នុងស៊ីហ្គេម គេឲ្យឈ្មោះជាអន្តរជាតិនៅក្នុងកម្មវិធីប្រកួត ស៊ីហ្គេម «មួយ» (Muay) ដែលកម្ពុជាជាប្រធានសហព័ន្ធ«មួយ»អាស៊ី ត្រូវបានម្ចាស់ផ្ទះ វៀតណាម ប្រកាស ទទួលស្គាល់និងផ្តល់សិទ្ធិឲ្យកម្ពុជាទទួលរៀបចំដឹកនាំគ្រប់គ្រងការប្រកួតលើប្រភេទកីឡាប្រដាល់មួយនេះ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ដែលឯកឧត្តម វ៉ាត់ ចំរើន ក្នុងឋានៈជាប្រធានសហព័ន្ធកីឡាមួយអាស៊ីចាត់ទុកថា ជាសញ្ញាណដ៏ល្អមួយ សម្រាប់ការប្រកួតប្រជែងមេដាយដោយមានប្រៀប។ ប៉ុន្តែការដឹកនាំគ្រប់គ្រងការប្រកួតរបស់កម្ពុជាលើប្រភេទកីឡាគុន មួយ នេះ គឺមិនឲ្យមានភាពអយុត្តិធម៌ ឬលម្អៀងនោះឡើយ ហើយបើកាលណាយើងរៀបចំឲ្យការប្រកួតប្រកបដោយភាពយុត្តិធម៌ គឺកម្ពុជាយើងមានប្រៀបលើផ្នែកបច្ចេកទេសស្រាប់ ដែលនេះគឺជាសញ្ញាណថ្មីមួយ ក្នុងការស្វែងរកមេដាយកាន់តែច្រើនជាងស៊ីហ្គេម លើកមុនៗ ក៏ដូចជាការខិតខំធ្វើការរៀបចំដោយភាពហ្មត់ចត់ត្រឹមត្រូវច្បាស់លាស់ ដើម្បីស្វែងរកនូវឧត្តមភាពលើប្រភេទកីឡាគុនខ្មែរនេះ នៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ក៏ដូចជាដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។
សូមរំឭកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រារព្ធធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនេះ កាលពីឆ្នាំ២០១៩ ស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន គឺកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ ដោយដណ្តើមបានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ សរុប៤៦ លើ៣ប្រទេសគឺប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ខណៈម្ចាស់ផ្ទះហ្វីលីពីន ឈរនៅលេខ១ មេដាយសរុប ៣៨៧, វៀតណាម លេខ២ មេដាយសរុប ២៨៨ និងថៃឈរនៅលេខ៣ បានឈ្នះមេដាយសរុបចំនួន៣១៨៕