ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥,៨៤៤នាក់ ដែលក្នុងនោះមានស្រី ២៣.០៧៦ នាក់ ទៅធ្វើការនៅកូរ៉េខាងត្បូងក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ។គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពលករកម្ពុជាចំនួន ៤៥,១៧០នាក់ (ស្រី ១២,០៣៩ នាក់) កំពុងធ្វើការនៅកូរ៉េខាងត្បូង ដោយទទួលបានបៀរវត្សរ៍ប្រចាំខែជាមធ្យមប្រមាណ ១,៤៥០ដុល្លារអាមេរិក។នេះបើយោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្រភពដដែលនេះ បានឱ្យដឹងថា ពលករដែលបាននិងកំពុងធ្វើការនៅប្រទេសកូរ៉េ បានផ្ញើប្រាក់មកគ្រួសារជាមធ្យមពី ៥០០ ទៅជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ ដែលនេះជាការរួមចំណែកជួយគ្រួសាររបស់ពួកគេផង និងចូលរួមជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ទាក់ទងនឹងពលករដែលទៅធ្វើការនៅក្រៅប្រទេសវិញ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានឱ្យដឹងនាពេលកន្លងមកថា ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេសមានចំនួនជាង ១,៣ លាននាក់និងបានផ្តល់ចំណូលចូលមកកម្ពុជាវិញជាង ២ ៧០០ លានដុល្លារក្នុង ១ ឆ្នាំ ដែលនេះជាសក្តានុពលមួយធំណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
គួរជម្រាបថា កម្ពុជានិងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧។ បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។
គូសបញ្ជាក់ផងដែរថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ រយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក៕ ដោយៈសុភក្ត្រា