អ្នកធុរកិច្ចពីក្រុមហ៊ុនចំនួន៧ ចុះមកស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក Du Xu នាយកប្រតិបត្តិ ក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងក្រុមហ៊ុនចំនួន៧ បានមកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បីស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ ជំនួបពិភាក្សានេះ បានធ្វើឡើង កាលថ្ងៃទីទី៥ ខែធ្នូ ឆ្នាំ២០២៤ ដោយជួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនាឱកាសនេះ លោក Du Xu បានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានអនុញ្ញាតជូនលោក និងគណៈប្រតិភូទាំងអស់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអាចស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ លើសពីនេះ លោកក៏ថ្លែងសាទរចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទែសចិន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលផ្លែផ្កា។

ថ្លែងទៅកាន់គណៈប្រតិភូក្រុមហ៊ុនទាំង៧ដែលមានវត្តមាននាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលកំពុងត្រូវបានយកចិត្តទុកដាក់ និងមានតួនាទីសំខាន់សម្រាប់គាំទ្រសកម្មភាពវិនិយោគរបស់វិនិយោគិន។

ជាក់ស្ដែង លោកថា ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក មានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងអាទិភាពមួយដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល នឹងចូលរួមជំរុញភាពប្រទាក់ក្រឡានៃការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។

ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( ក.អ.ក.)  ទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយសម្រាប់ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានឈ្មោះថាប្រព័ន្ធ cdcIPM។

ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងស្របតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធាន(ក.អ.ក.) ដើម្បីជំរុញប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា និងផ្ដល់លទ្ធភាពជូនវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគពីក.អ.ក. បានដោយផ្ទាល់ផងដែរ៕ អត្ថបទ៖ ហ្សាលីន