សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ បានសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ឡាវសំដៅធ្វើសន្ធានកម្មរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនឡាវ និងបញ្ជ្រាបការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងក្នុងវេទិកានោះ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជម្រាបជូនអ្នកចូលរួមអំពីលក្ខណៈអំណោយផលនៃព្រះរាជាណាចក្រកម្ពុជាដល់ការវិនិយោគលើគ្រប់វិស័យរួមមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, ទីតាំងយុទ្ធសាស្រ្ត, កម្លាំងពលកម្មវ័យក្មេងប្រកបដោយផលិតភាព, អត្ថិភាពនៃរាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ធុរកិច្ច និងរបបវិនិយោគដែលមានភាពអនុគ្រោះដល់ការធ្វើធុរកិច្ចតាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តឆ្លាតវៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។
លោកក៏បានបង្ហាញជំនឿចិត្តថា វិនិយោគិនដែលមានវត្តមានក្នុងកម្មវិធីនេះនឹងស្វែងរកកាលានុវត្តភាពធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពភាគហ៊ុនិក ឬដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខ។
សូមជម្រាបជូនផងដែរថា វេទិកាធុរកិច្ចកម្ពុជា-ឡាវ គឺធ្វើឡើងអមនៃដំណើរទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ របស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដន៕