ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩៣៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់កន្លែង។នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន១១គម្រោង។
បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសវៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥១,០៨% នៃទុនវិនិយោគសរុប ខណៈប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក២៤,២៦% នៃទុនវិនិយោគសរុប និងកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក១៤,៤៩% នៃទុនវិនិយោគសរុប។
គួរបញ្ជាក់ដែរថា ក្នុងមួយខែវិច្ឆិកា ខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺខេត្តកំពង់ស្ពឺចំនួន១២គម្រោង, ភ្នំពេញ៧គម្រោង , កំពង់ចាម៥គម្រោង, ព្រះសីហនុ៤, តាកែវ៤, កោះកុង៣, ស្វាយរៀង៣, កណ្តាល២, ត្បូងឃ្មុំ២, និងបាត់ដំបង១គម្រោង៕
