សភាពាណិជ្ជកម្ម និងឧស្សាហកម្មស៊ែប៊ី ចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងជំនួបពិភាក្សាការងាររវាងជាមួយអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គណៈប្រតិភូនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី បានបង្ហាញពីបំណងដោយចង់លើកកម្ពស់ការវិនិយោគនៅកម្ពុជានាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកស្រី Jovana Majstorovic តំណាងគណៈប្រតិភូនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី បានឱ្យដឹងថា ជំនួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងពង្រីកការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងបំណងពង្រីកទំនាក់ទ្វេភាគីកាន់តែប្រសើរ។

ជាមួយគ្នានេះ លោកស្រី ក៏បានជម្រាបជូនអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័នសភាពាណិជ្ជកម្ម និងឧស្សាហកម្ម និងបង្ហើបអំពីលទ្ធភាពក្នុងការរឹតចំណងកិច្ចសហការវិនិយោគជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ តំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសស៊ែប៊ីរូបនេះ ក៏បានស្នើភាគីកម្ពុជាពិនិត្យលទ្ធភាពសហការរៀបចំជំនួបធុរកិច្ចក្នុងឱកាសពិព័រណ៍ពិភពលោកអូសាកា២០២៥ នៅប្រទេសជប៉ុន និង Expo Belgrade ២០២៧ នៅប្រទេសស៊ែប៊ី ក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជាជូនចំពោះសហគមន៍ធុរកិច្ចរបស់ប្រទេសស៊ែប៊ីផងដែរ។

ជាការឆ្លើយតប លោក សួន សុផល បានថ្លែងអរគុណ ចំពោះគណៈប្រតិភូដែលមកកាន់កម្ពុជាដោយផ្ទាល់ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌការទូតសេដ្ឋកិច្ច។

លោកក៏បានបង្ហាញសុទិដ្ឋិនិយមថាជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ីនឹងក្លាយទៅជាច្រកទ្វារថ្មីសម្រាប់ពង្រឹង និងពង្រីកសកម្មភាពជំរុញ និងទាក់ទាញវិនិយោគទ្វេទិសឈានឆ្ពោះសម្រេចបាននូវវត្តមានរបស់សហគ្រាសមកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះ គណៈកម្មាធិការវិនិយោគកម្ពុជា លើកបញ្ជាក់ពីសក្តានុពលរបស់កម្ពុជាថា រដ្ឋាភិបាលបានតាក់តែងបទប្បញ្ញត្តិ និងគោលនយោបាយនិយោគ គឺសំដៅផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និងការថែទាំវិនិយោគជូនវិនិយោគិនជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផលខ្ពស់៕ អត្ថបទ៖ ហ្សាលីន