កំពង់ធំ៖ ក្នុងបរិបទបច្ចុប្បន្ន ក៏ដូចជានៅពេលខាងមុខ សម្រាប់ការដាំដុះស្វាយចន្ទីរបស់ប្រជាពលរដ្ឋនៅតាមតំបន់ អាចនិងពិបាកក្នុងចៀសផុតពីការខូចខាតដោយសារតែការប្រែប្រួលអាកាសធាតុនិងសត្វល្អិតបំផ្លាញដំណាំ។ ដូចនេះ ប្រហែលមានតែការផលិតស្វាយចន្ទីឱ្យចេញផ្កា និងផ្លែមុនរដូវកាលកំណត់នោះទេ ទើបធ្វើឱ្យកសិករចៀសផុតពីខូចខាត និងអាចរកប្រាក់ចំណូលខ្ពស់នៅពេលប្រមូលផលម្តងៗ។
លោក ញូង ធីម កសិករធ្លាប់មានបទពិសោធន៍ផលិតស្វាយចន្ទីខុសរដូវរយៈពេល៥ឆ្នាំ ហើយបច្ចុប្បន្នជាប់ជាប្រធានសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងមានទីតាំ ក្នុងខេត្តកំពង់ធំបានឱ្យដឹងថា “ការផលិតស្វាយចន្ទីខុសរដូវនេះ ខ្ញុំបានអនុវត្តផ្ទាល់នៅចំការខ្លួនឯងអស់រយៈពេល៥ឆ្នំាំមកហើយ តែសម្រាប់សហគមន៍នៅមិនទាន់មានការជំរុញនៅឡើយនោះទេ ដោយសារទើបតែបង្កើតឡើងថ្មី ប៉ុន្តែសម្រាប់ទិសដៅអាជីវកម្មសហគមន៍ឆ្នាំ២០២៥-២០២៦យើងព្យាយាមធ្វើយ៉ាងជំរុញឱ្យសមាជិកសហគមន៍ អាចផលិតស្វាយចន្ទីខុសរដូវទទួលបានលទ្ធផលរហូតដល់១០០%”។
បើតាមលោក ញូង ធី ,សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មានសមាជិក១៥៤គួ្រសារនិងមានផ្ទៃដាំស្វាយចន្ទីសរុប៦២៣ហិកតា។
លោកលើកឡើងថា ការផលិតស្វាយចន្ទីជាទូទៅកសិករ ទទួលបានទិន្នផលតិច ឬច្រើនអាស្រ័យលើបទពិសោធន៍ និងចេះប្រើប្រាស់បច្ចេកទេសផលិតផស្វាយចន្ទី។ សម្រាប់កសិករចេះផលិតស្វាយចន្ទីតាមបច្ចេកទេសឬហៅថាធ្វើឱ្យស្វាយចន្ទីចេញ កាន់ក្តឹបឬផ្លែមុនកាលកំណត់ ក្នុង១ហិកតាកសិករអាចប្រមូលផលចន្លោះពី១តោន៨០០គីឡូទៅ២តោន ។ ប៉ុន្តែចំពោះកសិករផ្សេងទៀតទុកឱ្យស្វាយចន្ទីចេញផ្កាតាមបែបធម្មជាតិ ឬកសិករមានបច្ចេកទេសជំរុញស្វាយចន្ទីឱ្យចេញផ្កាមុនរដូវកាលទេ ទិន្នផលដែលទទួលនៅពេលប្រមូលផលក្នុងមួយហិកតាបានចំនួនតិចតួច។
លោក គូសបញ្ជាក់ថា “ការផលិតស្វាយចន្ទីខុសរដូវ ផ្អែកលើបច្ចេកទេសកសិករត្រូវការចំណាយខ្ពស់បន្តិច ប៉ុន្តែកសិករអាចទទួលបានទិន្នផលស៊ឹងដូចទៅតាមការរំពឹងទុក មិនដូចកសិករធ្វើតាមបែបគោលការណ៍ធម្មជាតិ វាប្រឈមជាមួយនិងភ្លៀងមានជាតិអាជីត ធ្វើឱ្យផ្កាស្វាយចន្ទីខូចខាត។ ប៉ន្តែបើយើងធ្វើតាមបច្ចេកទេសបានត្រឹមត្រូវ ក្នុងដីមួយហិកតា កសិករអាចរកប្រាក់ចំណេញបានចន្លោះពី៧០០ទៅ៨០០ដុល្លារ ឬអាចដល់១ ០០០ដុល្លារក៏មានផងដែរ”។
លោកបន្តថា ស្វាយចន្ទីនៅក្នុងស្រុក នៅឆ្នាំ២០២៣និង២០២៤នេះតម្លៃស្វាយចន្ទីនៅលើទីផ្សារល្អ ប៉ុន្តែនៅពេលពីមុនៗកសិករត្រួញត្អែស៊ឹងគ្រប់គ្នាដោយសារតម្លៃធ្លាក់ចុះគំហុកពេក តែនៅពេលឡើងថ្លៃវិញ គឺឡើងបានតិចតួច នាំឱ្យកសិករ រអ៊ូរទាំគ្រប់គ្នាថាថ្លៃមិនស្ថិរភាព ពេលខ្លះធ្វើឱ្យកសិករជួបការខាតបង់ប្រាក់ផងដែរ៕ SL