ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការវិនិយោគរបស់ប្រទេសវៀតណាមនៅកម្ពុជាស្ថិតនៅលំដាប់លេខ១ ដោយបានរួមចំណែក៥១,០៨% នៃទុនវិនិយោគសរុប ខណៈប្រទេសចិនមាន២៤,២៦%។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងសរុប៤៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ៩៣៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងនោះ ការវិនិយោគមកពីប្រទេសវៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥១,០៨% នៃទុនវិនិយោគសរុប ខណៈប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក២៤,២៦% នៃទុនវិនិយោគសរុប និងកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក១៤,៤៩% នៃទុនវិនិយោគសរុប។
គួរបញ្ជាក់ជូនផងដែរថា កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងសរុប៣១គម្រោង ក្នុងនោះការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥៣,៣៩% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់២៩,៤៧% សិង្ហបុរី ១២,១៣% កោះ Samoa ២,៧% និងវៀតណាម ២,៣២%។
បើតាមលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ នៅកម្ពុជា ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។
គួរជម្រាបថា គម្រោងវិនិយោគវៀតណាម នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួន២០៨គម្រោង ជាមួយនឹងដើមទុនចុះបញ្ជីសរុប ២,៩១ពាន់លានដុល្លារ ខណៈការវិនិយោគរបស់វៀតណាមនៅកម្ពុជាភាគច្រើន គឺផ្តោតលើវិស័យកសិកម្ម ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងទូរគមនាគមន៍។ (នេះយោងតាមការរបាយការណ៍ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា)៕