ភ្នំពេញ៖ ប្រទេសអូស្រ្តាលីនិងកម្ពុជា បានឯកភាពគ្នាធ្វើជាដៃគូកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានវិស័យទឹកស្អាត ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។
អូស្ត្រាលីក៏បានប្តេជ្ញាជួយអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅពេលកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។
នៅក្នុងជំនួបពិភាក្សាជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា៖កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានវិស័យទឹកស្អាត ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។
លោក ហែម វណ្ណឌី បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលជាមិត្តដ៏ល្អរបស់កម្ពុជា និងបានស្នើឱ្យអូស្ត្រាលីផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយឱ្យផលិតផលកម្ពុជាអនុលោមតាមស្តង់ដារ។ ឯកឧត្តមបានលើកឡើងថា៖ ”ស្តង់ដារមានសារៈសំខាន់ណាស់សម្រាប់ឱ្យផលិតផលកម្ពុជាអាចចូលទៅទីផ្សារប្រទេសអូស្ត្រាលី និងទីផ្សារអន្តរជាតិ។”
លោក Derek Yip បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសសម្រាប់ការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ ឯកឧត្តមបានជម្រាបជូនពីអាទិភាពរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលរួមមានការអភិវឌ្ឍមូលធនមនុស្ស បរិវត្តន៍កម្មថាមពលស្អាត ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានស្នើឱ្យអូស្ត្រាលីបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា ពិសេសពង្រីកប្រតិបត្តិការអាជីវកម្មនៃក្រុមហ៊ុន អូស្ត្រាលីដែលកំពុងប្រតិបត្តិការស្រាប់នៅក្នុងតំបន់។ ឯកឧត្តមបានលើកឡើងពីភាពចាំបាច់នៃការលើកកម្ពស់ការផលិតក្នុងស្រុក ពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់នៃការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។
លោករដ្ឋមន្រ្ដីបានបន្ថែមថា៖ “យើងពិតជាវាយតម្លៃខុ្ពស់ចំពោះការគាំទ្ររបស់អូស្ត្រាលីលើការអភិវឌ្ឍរបស់កម្ពុជា ហើយយើងលើកទឹកចិត្តឱ្យអ្នកវិនិយោគអូស្ត្រាលីនៅក្នុងតំបន់ ពង្រីកមូលដ្ឋានអាជីវកម្មរបស់ខ្លួនមកកម្ពុជា ពិសេសនៅក្នុងតំបន់ឧស្សាហកម្មសម្រាប់វិស័យជាក់លាក់”៕