តំណាងស្ថានទូត ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមួយចំនួនទៀតដែលមកពីបណ្តានៅតាមបណ្តាប្រទេសអាស៊ាន បានចូលរួមកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី ដែលបានរៀចំឡើងនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី (ASEAN Malaysian Business Chambers Summit) គឺរៀបចំទ្បើងដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia, MBCC)។ កិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមពី ឯកអគ្គរដ្ឋទូតម៉ាទ្បេស៊ីប្រចាំកម្ពុជា, សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, តំណាងស្ថានទូតនៅតាមបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនម៉ាឡេស៊ីនៅប្រទេសឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម, ហ្វីលីពីន និងឥណ្ឌូនេស៊ី។
នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជាដែលបានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាទ្បេស៊ីឆ្នាំ២០២៤ នៅទីក្រុងកូទ្បាទ្បាំពួរ ប្រទេសម៉ាទ្បេស៊ី ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីដើមឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ដែលវេទិកានេះបានចូលរួមជំរុញផ្សព្វផ្សាយពីបរិស្ថាន និងសក្តានុពលវិនិយោគនៅកម្ពុជា ទៅដល់ធុរជននិងវិនិយោគិនម៉ាឡេស៊ី។
បន្ថែមពីនេះ លោកក៏បានលើកឡើងពីកត្តាសំខាន់ៗមួយចំនួន និងលក្ខខណ្ឌអំណោយផលដែលបានទាក់ទាញក្រុមហ៊ុនម៉ាទ្បេស៊ីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលកន្លងមកផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំកំពូលពាណិជ្ជកម្មអាស៊ាន ម៉ាឡេស៊ីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសដែលជាទីតាំងយុទ្ធសាស្ត្រនៅក្នុងអាស៊ាន, មានបរិយាកាសវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន, មានកម្លាំងពលកម្មវ័យក្មេង, ព្រមទាំងបាននិងកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់សម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលការណ៍នេះបានរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់៕អត្ថបទ៖ ហ្សាលីន