ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េ នៅឆ្នាំ២០២៤ រំពឹងកើនឡើងជាងឆ្នាំ២០២៣

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ កម្ពុជារំពឹងថាទំហំពាណិជ្ជកម្មកម្ពុជានៅឆ្នាំ២០២៤ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។ គួររំលឹកថាក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ ។ ទំនិញកម្ពុជានាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣%ចំណែកកូរ៉េនាំចូល មានចំនួន៤៧០,២៥ លានដុល្លារ ធ្លាក់ចុះ ១៣,៨%។នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពដដែលនេះ បង្ហាញថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងអំឡុងត្រីមាសទីបីឆ្នាំនេះសម្រេចបានប្រមាណ៦៣០លានដុល្លារ កើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី១៣របស់កម្ពុជា ។

ទិន្នន័យរបស់ GDCE បង្ហាញថាចាប់ពីខែមករាដល់ខែកញ្ញា២០២៤ ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួនសរុប ៦២៧,៧៤ លានដុល្លារ កើនឡើង ១២.៩% ។ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងមានចំនួន ២៤២,១៦ លានដុល្លារ កើនឡើង ១៦,៤% ខណៈដែលការនាំចូលរបស់កូរ៉េមានចំនួន ៣៨៥,៥៨ លានដុល្លារ កើនឡើង ១០,៨%។
សម្រាប់ខែកញ្ញា ឆ្នាំ២០២៤វិញ ការផ្លាស់ប្តូរទំនិញនៃប្រទេសទាំងពីរមានទឹកប្រាក់សរុប ៧១,៤៨លានដុល្លារ កើន ៣៦,៩៤ % ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ មានត្រឹមតែ ៥២,១៩លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញចំនួន ២៣,៥៧លានដុល្លារ កើន ២៦,៥% និងទំនិញកូរ៉េនាំចូល ៤៧,៩១លានដុល្លារ កើន ៤២,៨%។

ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជានិងកូរ៉េ(CKFTA) ព្រមទាំងទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជនប្រទេសទាំងពីរបានធ្វើឱ្យសកម្មភាពនៃការផ្លាស់ប្តូរទំនិញកើនឡើងជាបន្តបន្ទាប់។នេះ បើតាមការលើកឡើងរបស់ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងទៀតថា៖ផលិតផលវាយនភណ្ឌ និងកសិកម្ម គឺជាចំណែកសំខាន់នៃការនាំចេញរបស់កម្ពុជាទៅប្រទេសកូរ៉េ ខណៈទំនិញកូរ៉េនាំមកកម្ពុជា មានដូចជាឧបករណ៍អេឡិចត្រូនិក យានយន្ត ឱសថ គ្រឿងសម្អាងនិងចំណីអាហារ ជាដើម។ ទោះបីទឹកប្រាក់ដែលកម្ពុជានាំទំនិញទៅកូរ៉េមានចំនួនតិចជាងនាំចូល ប៉ុន្តែកម្ពុជាក៏អាចប្រមូលប្រាក់ក្នុងបរិមាណដ៏ច្រើនផងដែរពីប្រទេសកូរ៉េក្នុង១ឆ្នាំៗ តាមរយៈការទៅបំពេញការងាររបស់ប្រជាជនខ្មែរនៅទីនោះ។

គួរបញ្ជាក់ផងដែរថា កម្ពុជា-កូរ៉េ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ និងបានចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២។ តាមរយៈ កិច្ចព្រមព្រៀងនេះកូរ៉េបានសន្យាលុបបំបាត់ពន្ធ ៩៥,៦%នៃបន្ទាត់ពន្ធរបស់ខ្លួនសម្រាប់ទំនិញពីកម្ពុជា។

កិច្ចព្រមព្រៀងនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយទទួលបានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ ធ្លាប់បានលើកឡើងថា៖កិច្ចព្រមព្រៀងនេះ ធ្វើឱ្យកម្ពុជាមានទីផ្សារច្រើនទៅកាន់ពិភពលោកដោយកម្ពុជានឹងទទួលបានការរួចពន្ធដល់ទៅ១ម៉ឺនបន្ទាត់ពន្ធទៅប្រទេសកូរ៉េខាងត្បូង ហើយក៏អាចទាក់ទាញអ្នកវិនិយោគបន្ថែមផងដែរ៕