កម្ពុជា-ម៉ាឡេស៊ី នៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពិសេសភាគីទាំងពីរ កំពុងផ្តោតលើការពិនិត្យលទ្ធភាពនៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំងឡើង។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកTan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP)កាលចុងសម្តាហ៍។
នាឱកាសនោះ ប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak នៃប្រទេសម៉ាឡេស៊ី ក៏បានកត់សម្គាល់បន្ថែមថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន នៅក្នុងការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលរដ្ឋ Sarawak អាចដើរតួនាទីនៅក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានឯកភាពជាមួយនឹងប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ផងដែរថា កម្ពុជា-ម៉ាឡេស៊ី នៅមានកាលានុវត្តភាពជាច្រើនបន្ថែមទៀតនៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើ សម្ដេចធិបតី និងលោកប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី ក៏បានពិភាក្សាគ្នាអំពីការបន្តជំរុញ, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសរវាងកម្ពុជា និងរដ្ឋ Sarawak លើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យអប់រំ, ទេសចរណ៍, ថាមពលកកើតឡើងវិញ និងលទ្ធភាពនៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ផងដែរ៕