ត្រីមាសទី៣ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមូលចំណូលបានជាង១២០ប៊ីលានរៀល  កើនឡើងជាង២៧%

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងត្រីមាសទី៣ ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបជាង ១២០ប៊ីលានរៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួន ២៧,១៣%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងត្រីមាសទី៣ ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបជាង ១២០.៦១៧.៥៨១.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួន ២៥.៧៤០.១៦៧.០០០ រៀល ស្មើនឹង ២៧,១៣% និងខាតសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៧.៨៣៨.០២៧.០០០ រៀល ថយចុះប្រាក់ចំណេញចំនួន ២៩.៨៣៥.៩៧៩.០០០ រៀល ស្មើនឹង ១៣៥,៦៣%។

របាយការណ៍បន្តថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៧១៨.១៩៩.៤២៨.០០០ រៀល កើនចំនួន ១១៥.៣៧៤.៤៨៨.០០០រៀល ស្មើនឹង ៧,២០% និងមូលធនសរុប មានចំនួន ១.០១៩.៤៨៧.៣៩៤.០០០ រៀល កើនឡើងចំនួន ៤៧.៤៤២.៥១៨.០០០រៀល ស្មើនឹង ៤,៨៨%។

លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហហនុ បានបញ្ជាក់ថា បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ ប្រាក់ចំណូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងចំនួន ២៥.៧៤០.១៦៧.០០០ រៀល គឺស្មើនឹង ២៧,១៣%។ លទ្ធផលនេះបណ្តាលមកពីបរិមាណ កុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើង។

ទន្ទឹមនឹងនេះមានការខាតពីអាត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) ប្រមាណ ៣៤.០២៦.៣៦០ ពាន់រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ទើបបណ្តាលអោយ មានការខាតសុទ្ធក្រោយបង់ពន្ធប្រមាណ ១៣៥,៦៣% ស្មើនឹង ២៩.៨៣៥.៩៧៩.០០០ រៀល ជាលទ្ធផលខាត ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ មានចំនួន ៩១,៣៨ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ។

លោកបន្តថា ក្នុង ត្រីមាសទី៣ ឆ្នាំ២០២៤ កុងតឺន័រដែលបានឆ្លងកាត់ កសស មានចំនួន ២៨៣.៩១៨ TEUs ពោលគឺ កើនចំនួន ៧៦.០១១ TEUs ស្មើនឹង ៣៦,៥៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ ៕